ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងឃុំចំនួន៣ កំពុងតែជួបបញ្ហាកង្វះទឹកសម្រាប់ធ្វើស្រែប្រាំង ស្ថិតនៅចំណុចបឹង ស្មៅ ឃុំសានគរ ស្រុកកំពុងស្វាយ ខេត្តកំពងធំ ដែលមានដីស្រែចំនួនរាប់រយហិចតាឯណោះ ទី១គឺ ឃុំសានគរ ទី២ ឃុំ ត្បែង និងទី៣ គឺ ឃុំ កំពង់គរ ហើយដីស្រែដែលពួកគាត់បង្កបង្កើនផលរាល់ឆ្នាំនេះ គឺគាត់ចាប់ផ្តើមធ្វើបន្តគ្នាចាប់ពីខែ វិច្ឆិការ រហូតដល់ ខែ មេសា ទើបពួកគាត់ប្រមូលផលបានទាំងអស់ ។
មូលហេតុដែលឆ្នាំ២០១៩នេះ ខ្វះខាតទឹកបូមដាក់ស្រែ គឺបណ្តាលមកពីឆ្នាំនេះ មេឃមិនសូវមានភ្លៀងច្រើន ម្យ៉ាងទៀត បឹងស្មៅនេះ ក៏កាន់តែរាក់ទៅៗជារៀងរាល់ឆ្នាំដោយមិនដែលបានស្តារនោះដែរ បើតាមសម្តីប្រជាកសិករនៅតំបន់នោះ បានប្រាប់ឲ្យដឹងព្រឹកថ្ងៃ ទី៥ កុម្ភៈ ឆ្នាំ ២០១៩ថា ដោយសារតែមានការទប់ទឹកទុកនៅក្នុងឃុំផ្សេងទៀត សំរាប់ធ្វើស្រែប្រាំងដូចគ្នា ទើបមិនមានទឹកហូរមកបឹងស្មៅនេះ ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋនៅតំបន់នោះ បានសំណូមពរដល់ថ្នាក់ភូមិ ថ្នាក់ឃុំ ស្រុក ខេត្ត មេត្តាជួយរកដំណោះស្រាយ ទៅដល់ពួកគាត់ផង បើមិនដូច្នោះនោះទេ ពួកគាត់ទាំងអស់គ្នា ដែលកំពុងជំពាក់បំណុលគេ មិនអាចមានលទ្ធភាព នឹងដោះបំណុលគេបានឡើយ ព្រោះនៅពេលរដូវធ្វើស្រែម្តងៗ ពួកគាត់ទាំងអស់គ្នា ក៏បានទៅកម្ចីបុលគេដើម្បីយកមកធ្វើដើមទុន ក្នុងការទិញពូជ ជី និងដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយសង្ឃឹមលក់ស្រូវមកវិញ ដើម្បីសងគេត្រឡប់ទៅវិញ តែបើមិនមានទឹកធ្វើស្រែបានផលមកវិញនោះទេ ពួកគាត់ច្បាស់ជាជួបនឹងវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារជាក់ជាមិនខានឡើយ ឬមួយក៏អាចនឹងចំណាកស្រុកទៅប្រទេសជិតខាង ដើម្បីយកថវិកាមកដោះស្រាយមិនខាន ។
លោក សួន ឡុញ មេឃុំត្បែងបានប្រាប់ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទថា ឃុំរបស់លោកហាក់ដូចជាពុំទានមានផលប៉ះពាលនោះទេ ព្រោះកន្លងមក ខាងមន្ទីរ រ៉ែ ថាមពល ខេត្តបានចុះកាយប្រឡាយទឹកជូនពលរដ្នរួចរាល់ផងដែរ តែលោកថានឹងពិនិត្យមើលបញ្ហាទឹកនេះបន្ដទៀត ៕ ប៊ុនរិទ្ធី