ព័ត៌មានទាន់ហេតុការណ៍៖

យុវតី២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធលួចម៉ូតូ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា យុវតី២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការលួចម៉ូតូរបស់គេ កាលពីវេលាម៉ោង ១០ និង២៥នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ស្ថិតនៅក្នុងភូមិកសិកម្ម ឃុំស្រង៉ែ ក្រុងសៀមរាប ។

ជនសង្ស័យទី១ ឈ្មោះ វិន សុជាតិ ហៅ ហេង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ វិន ស្រីលាភ ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ រស់នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប ។

ជនរងគ្រោះ ឈ្មោះ ហង្ស សុភាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ រស់នៅភូមិកសិកម្ម ឃុំស្រង៉ែ ក្រុងសៀមរាប មុនពេលកើតហេតុ បានទុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាទ្រីម សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1E 4052 នៅក្រោមផ្ទះ ដោយមិនបានដកសោ ត្រូវបានជនសង្ស័យទាំង២ ខាងលើធ្វើសកម្មភាពលួចជិះចេញទៅបាត់ បន្ទាប់មកបានដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្នបាលសង្កាត់ ស្រងែ ក្រោយទទួលបណ្ដឹង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង១១ និង១០នាទី កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ក៏មានតម្រុយថា ជនសង្ស័យទាំង២នាក់ជិះម៉ូតូទៅអ៊ុតសក់នៅហាងអ៊ុតសក់មួយកន្លែង តាមបណ្ដោយផ្លូវទៅភ្នំក្រោម ស្ថិតនៅក្នុងភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ទើបសមត្ថកិច្ចចុះទៅដល់កន្លែង រួចធ្វើការឃាតខ្លួន រួមទាំងវត្ថុតាង បញ្ជូនមកសួរនាំ ត្រូវបានជនសង្ស័យទាំង២ សារភាពថា ពិតជាបានលួចម៉ូតូជនរងគ្រោះមែន ។

បច្ចុប្បន្នម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យទាំងកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖