ខេត្តសៀមរាប៖ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង នៅថ្ងៃ៣កើត ខែមាឃ ត្រូវថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង និងទាំងប្រុសទាំងស្រី ដែលកំពុងរស់នៅជុំវិញប្រាសាទអង្គរវត្ត បានមូលមតិរួមគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីឡើងមាឃ ឬពិធីបុណ្យឡើងអ្នកតារាជ្យ នៅបរិវេណប្រាសាទអង្គរវត្ត តាមទំនៀមទម្លាប់តាំងតែពីបុរមបុរាណមក ដែលប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ តែងតែគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនផង និង ដើម្បីបង្ហាញពីការសាមគ្គីគ្នា និងស្រឡាញ់វប្បធម៌ជាតិផង បើទោះបីជាបច្ចុប្បន្ននេះ មានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រទំនើបៗយ៉ាងខ្លាំងក៏ដោយ ក៏ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ នៅតែមានជំនឿជឿជាក់ និង បានចាត់ទុកជារឿងសំខាន់បំផុតក្នុងជីវភរស់នៅរបស់ពួកគាត់ ។
លោកយាយ ឡយ វ៉ាត ជាប្រជាពលរដ្ឋនៅភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប ដែលបានចូលរួមរៀបចំពិធីឡើងមាឃនេះ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ៣កើតខែមាឃ គាត់និងអ្នកភូមិជុំវិញអង្គរតែងតែជួបជុំប្រមូលថវិកាគ្នាតិចតួច ដើម្បីធ្វើពិធីឡើងមាឃ ឬឡើងតារាជ្យមិនដែលខានទេ ព្រោះនេះជាទម្លាប់ពីបរមបុរាណ ហើយចាស់ៗក៏បានផ្តែផ្តាំកុំឲ្យបំភ្លេចចោលដែរ ដូច្នេះហើយទើបពួកយើងទាំងអស់គ្នា បានខិតខំធ្វើ ទោះបីមានលុយឬអត់លុយក៏ដោយ ពិសេសក្នុងពិធីនេះគឺសុំកូនចៅ បានសុខសប្បាយ រកស៊ីមានបាន សំខាន់យើងបានថែរក្សាបុណ្យពីបុរាណយើងឲ្យនៅស្ថិតស្ថេរតកូនតចៅ ។
លោកយាយ ឡយ វ៉ាត បានពន្យល់ទៀតថា ប្រាសាទអង្គរ មិនត្រឹមតែជាកន្លែងសម្រាប់អ្នកទេសចរទស្សនាកម្សាន្តនោះទេ តែជាកន្លែងដ៏ស័ក្តិសិទ្ធិក្នុងការគោរពបូជារបស់ប្រជាជនខ្មែរ ហើយពួកយើងក៏បានរួមគ្នាប្ដេជ្ញាបន្តធ្វើពិធីនេះ និងណែនាំឲ្យកូនចៅជំនាន់ក្រោយទៀត ត្រូវតែធ្វើពិធីបន្តទៅទៀតជារៀងរាល់ឆ្នាំជារៀងរហូត ដើម្បីឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរយើងរស់រវើក នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នត់គំនិតកូនខ្មែរនៅលើទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះផងដែរ ។
គួររំឭកថា ចំពោះការរៀបចំគ្រឿងរណ្តាប់នៅក្នុងពិធីនេះ មានស្លាធម៌ , បាយសីជម៤គ្រឿង , សំណែនមាន់ស្ងោរ , ក្បាលជ្រូក ,បាយសម្ល , បង្អែមចម្អាប , ផ្លែឈើ , ផ្កាភ្ញី , ស្រាស និង ទឹកក្រូចជាដើម ពិសេសគឺនំបញ្ចុកតែម្តង ដែលធ្វើសម្រាប់ចែកជូនអ្នកចូលរួមពិសា ហើយពិធីនេះ ចាប់ផ្តើមដោយការសូត្រនមស្សការ រំឭកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាកហ៊ោ បួងសួងដល់វត្ថុស័ក្តសិទ្ធិ អញ្ជើញដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដីឲ្យចូលមកកាន់ទីកន្លែងដែលអ្នកភូមិបានរៀបចំជូន ព្រមទាំងមានអ្នកដែលត្រូវចូលរូបស្នងឲ្យអ្នកតាថែរក្សានៅទីស័ក្តិសិទ្ធិទាំងនោះ អមដោយភ្លេងបុរាណខ្មែរ ដែលមិនអាចខ្វះបានឡើយ ៕ ប៊ុនរិទ្ធី