ព័ត៌មានទាន់ហេតុការណ៍៖

លោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរ សម្រេចដោះលែងជនត្រូវចោទ៣នាក់ ដែលពាក់ព័ន្ធរឿងកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាធានីភ្នំពេញ បានសម្រេចដោះលែងឲ្យជនត្រូវចោទចំនួន៣នាក់ ដែលពាក់ព័ន្ធរឿងកាន់កាប់អាវុធខុសច្បាប់ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីសាកសួរចប់នីតិវិធី ។

យោងតាមមន្រ្តីសាលាដំបូងរាធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ជនជាប់ចោទទាំង៣នាក់ រួមមាន៖ ទី១; ឈ្មោះ ហូត វិទ្បា អាយុ២០ឆ្នាំ, ទី២ ;ឈ្មោះ អុល គីមអូន អាយុ២១ឆ្នាំ និងទី៣ឈ្មោះ ឌិន អ៉ិល អាយុ២៥ឆ្នាំ ។

គួររំលឹកថា ក្រុមជនត្រូវចោទខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទី ទៀបភ្លឺថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខណៈពួកគេកំពុងជិះម៉ូតូប្រដាប់ដោយអាវុធជាប់ខ្លួន និងដកហូតបាន ម៉ូតូម៉ាក C125 សេរ៊ី ឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HE-5499 ចំនួន ០១គ្រឿង, ច្រវ៉ាក់សោរកង់ ចំនួន០១ខ្សែ, ដុំអិដ្ឋ ចំនួន០២ដុំ និងកាំបិតបុ័ងតោចំនួន០១ដើម ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបានលោក កុល បុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយខុសច្បាប់» និងបញ្ជូនសំណុំរឿងទៅលោកចៅក្រមស៊ើបសួរ ។ បន្ទាប់ពីលោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរ បានសាកសួរចប់នីតិវិធី រួចសម្រេចដោះលែងឲ្យជនត្រូវចោទចំនួន៣នាក់ ដែលពាក់ព័ន្ធរឿងកាន់កាប់អាវុធខុសច្បាប់ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែម្តង ៕ សហការី


ចែករំលែក៖