ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់អាជីវកម្មរណ្ដៅដីមួយកន្លែងប្ដឹងអ្នកសារព័ត៌មាន៣នាក់ ពីបទកំហែងយក និងទាមទារឲ្យសងជំងឺចិត្ត១០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាល៖ ម្ចាស់អាជីវវកម្មរណ្ដៅដីមួយកន្លែង នៅស្រុកអង្គស្នួលដាក់ពាក្យបណ្ដឹង ប្ដឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនក្រុមអ្នកសារព័ត៌មាន៣នាក់ ពាក់ព័ន្ធករណីកំហែងយក និងទាមទារឲ្យសងជំងឺចិត្តនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីមកចាស់រណ្ដៅដីរួចមក កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានចំនួន៣នាក់ ទី១ ឈ្មោះ អួន មិនា ភេទប្រុស អាយុ៣៧ ជាអ្នកយកព័ត៌សារព័ត៌មានខេមរអង្គរ ទី២ ឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ៣៥ឆ្នាំ មានតួនាទីជានិពន្ធនាយកសារព័ត៌មានខ្មែរណូត និងទី៣ ឈ្មោះ ធួក សំណាង ភេទប្រុ ស អាយុ២៥ឆ្នាំ នៅអង្គភាពសារព័ត៌មានកំពតដេលី។ ចំណែកឯម្ចាស់រណ្ដៅដី(ដើមបណ្ដឹង)មានឈ្មោះតាក់ ជីឡៅ ភេទប្រុស អាយុ៣៩ឆ្នាំ (ជាម្ចាស់អាជីវកម្មរណ្ដៅដី) ។

ប្រភពដដែលបន្តថា តាមការរៀបរាប់របស់ម្ចាស់អាជីវកម្មរណ្ដៅដីឈ្មោះ តាក់ ជីឡៅ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់បានចូលទៅក្នុងទីតាំងការដ្ឋានអាជីវកម្មរណ្តៅដីរបស់លោក ក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយពួកគេក៏បានចាប់ផ្តើមធ្វើសកម្មភាព ដោយយករថយន្តរបស់ពួកគេម៉ាក ហុងដា ស៊ីអរវី ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AM.0457 មួយគ្រឿង ចតពាំងពីមុខផ្លូវចេញចូល មិនឱ្យរថយន្តដឹកដីរ បស់លោក ចេញចូលបាន ធ្វើឱ្យកកស្ទះពេញផ្លូវហើយក្រុមជនសង្ស័យបាននិយាយបង្ខិតបង្ខំនិងគំរាមគំហែងកូនចៅរបស់លោកឱ្យប្រគល់ប្រាក់ចំនួន៥០០០ដុល្លារ ទៅឱ្យពួកគេ។ ដោយមានការភ័យខ្លាចកូនចៅរបស់លោកក៏សម្រេចចិត្តទូរសព័្ទប្តឹងនគរបាលប៉ុស្តិរដ្ឋបាលឃុំឆក់ឈើនាង និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលជួយអន្តរាគមន៍។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីទទួលបានករណីខាងលើ កាលពីរសៀលថ្ងៃទី១២កុម្ភៈ២០១៩ កម្លាំងនគរបាលស្រុកបានចុះទៅកន្លែងកើតហេតុ ហើយនៅពេលទៅដល់ពិតជាបានឃើញរថយន្តក្រុមអ្នកកាសែតខាងលើចតពាំងផ្លូវ មិនឱ្យរថយន្តដឹកដីចេញពីការដ្ឋានប្រាកដមែន។ បន្ទាប់ពីមានការអនុញ្ញាតិពីលោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ជនសង្ស័យទាំង៣នាក់ត្រូវបានសុំឲ្យសំរាកបណ្តោះអាសន្ននៅអធិការដ្ឋាន១យប់ ដើម្បីធ្វើការសាកសួរហើយករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ត ហើយនៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៩នេះ ជនស ង្ស័យទាំង៣នាក់ កំពុងស្ថិតនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៅឡើយ។ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ ក្រុមអ្នកកាសែតទាំង៣ បានបដិសេធន៍ថា ពួកខ្លួនមិនបានយករថយន្តចតបាំងផ្លូវមិនឱ្យឡានដឹកដីចេញចូលនោះទេ កម្មករខាងរណ្តៅដីទេដែលយកម៉ូតូ មករាំងផ្លូវពួកខ្លួន។ តែទោះជាយ៉ាងណា ចំពោះករណីនេះ គឺសមត្ថកិច្ចកំពុុងធ្វើការស៊ើបអង្កេតបន្តនៅឡើយ ៕ ស្អាងជ័យ


ចែករំលែក៖