ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ដេប៉ូខ្សាច់៩កន្លែង​នៅទន្លេបិទ មានភាពអនាធិបតេយ្យខ្លាំង​

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដេប៉ូលក់ខ្សាច់៩កន្លែង ក្នុងមូលដ្ឋានពួកគាត់ កំពុងធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន និងការរស់នៅរបស់អ្នកភូមិយ៉ាងពេញបន្ទុក ហើយការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ក៏ប្រឈមនឹងការលំបាកដែរ។

ប្រភពបានឲ្យដឹងទៀតថា ម្ចាស់ដេប៉ូលក់ខ្សាច់មួយចំនួនបានចាក់គរខ្សាច់ នៅលើផ្លូវធ្វើឲ្យសិស្សានុសិស្ស ពិបាកជិះម៉ូតូឆ្លងកាត់ទីតាំងនោះ ហើយសូម្បីតែប្រជាពលរដ្ឋធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ ក៏រងផលប៉ះពាល់ផងដែរ។

រហូតមកដល់ពេលនេះ មេឃុំទន្លេបិទ ក៏ដូចជាអភិបាលស្រុកត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យម្ចាស់ដេប៉ូលក់ខ្សាច់ទាំង៩កន្លែងនោះធ្វើអ្វីៗតាមអំពើចិត្តដើម្បីផលប្រយោជន៍របស់ខ្លួន។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ បានឲ្យដឹងថា ដេប៉ូលក់ខ្សាច់មួយកន្លែងមានទីតាំងនៅមុខសាលារៀនតែម្តង ហើយរថយន្តដឹកខ្សាច់ចេញចូលធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្សក្នុងការចូលនិងចេញពីសាលារៀន។

ជាងនេះទៅទៀតសំឡេងរថយន្តដឹកខ្សាច់តែងរំខានដល់ការសិក្សារបស់សិស្សានុសិស្សជាប្រចាំ ហើយជួនកាលខ្សាច់ហុយចូលទៅក្នុងសាលារៀនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់សិស្សានុសិស្សថែមទៀត។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានស្នើសុំទៅមេឃុំទន្លេបិទ លោក ភិន ឈុន ឲ្យចាត់វិធានការដោះស្រាយជាយូរមកហើយ ប៉ុន្តែគ្មានលទ្ធផលអ្វីទាំងអស់ព្រោះម្ចាស់ដេប៉ូលក់ខ្សាច់នៅមុខសាលារៀននិងនៅទីតាំងដទៃទៀតសុទ្ធតែមានខ្នងបង្អែករឹងមាំ។

បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំ ទេនោះគឺម្ចាស់ដេប៉ូលក់ខ្សាច់ទាំង៩កន្លែងមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

មានការរិះគន់ចំៗថា លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំ គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្ដោយឲ្យម្ចាស់ដេប៉ូលក់ខ្សាច់ឈ្មោះ ថូ សុភ័ក្ត្រ និងឈ្មោះ យូ ហុង ព្រមទាំងម្ចាស់ដេប៉ូ៧កន្លែងទៀតធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្ដែងដេប៉ូលក់ខ្សាច់ទាំងនោះបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាយូរមកហើយប៉ុន្តែលោក ប៉ុន ប៊ុនធឿន មិនចាត់វិធានការទៅលើម្ចាស់ដេប៉ូលក់ខ្សាច់ទាំងនោះទេ ហើយតែងតែឆ្លើយដោះសាបិទបាំងទង្វើរបស់ខ្លួនដោយគ្មានសេចក្ដីអៀនខ្មាសទាល់តែសោះ៕


ចែករំលែក៖