ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនខុសផ្លូវបុកគល់ឈើស្លាប់ភ្លាម សង្ស័យស្រវឹងស្រា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូខុសផ្លូវជ្រុលបុកគល់ឈើ ត្រូវបានគេសង្ស័យប្រើប្រាស់ល្បឿនលឿន ខណៈក្នុងស្ថានភាពស្រវឹងស្រា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តពុទ្ធរង្សី ស្ថិតក្នុងភូមិពុទ្រ្ទាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ អ៊ុច ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដួងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា មុនដំបូងគេឃើញជនរងគ្រោះស្លាប់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 3749 ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតខុសផ្លូវថ្នល់ជ្រុលបុកគល់ឈើ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗដ៍រន្ធត់។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយបើបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ករណីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ ព្រមទាំងប្រគល់ទទួលមធ្យោបាយធ្វើដំណើរ(ម៉ូតូ)៕ បុឹម ពិន


ចែករំលែក៖