ភ្នំពេញៈ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថាក្រសួងធនធានទឹកនិងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់និងរថយន្តចំនួនជិត២០០គ្រឿង សម្រាប់ជួយធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតំបន់ណា ដែលនឹងជួបការខ្វះទឹកប្រើប្រាស់ រដូវប្រាំងឆ្នាំ២០១៩នេះ។
លោក ចាន់ យុត្ថា បញ្ជាក់ថា ក្រសួងបានត្រៀមគ្រឿងចក្រធុនធ្ងន់និងរថយន្តជិត២០០គ្រឿងនោះ គឺសម្រាប់ជីកកាយដីទាញយកប្រភពទឹក ព្រមទាំងដឹកជញ្ជូនទឹក ទៅ ចែកជូនប្រជាពលរដ្ឋនៅតំបន់ណាដែលខ្វះទឹកប្រើប្រាស់ នារដូវប្រាំងឆ្នាំ២០១៩នេះ។មកដល់ពេលនេះក្រសួង បានផ្ដល់រថយន្តស្ទូច ដែលអាចដឹកទឹកបាននោះ ទៅឱ្យខេត្ត-ក្រុងចំនួន២០គ្រឿងហើយ នៅសល់៥គ្រឿងទៀតកំពុងរៀបចំបន្ថែម។
សូមបញ្ជាក់ថាចាប់តាំងពីពាក់កណ្ដាលខែតុលាឆ្នាំ២០១៨មក ក្រុមការងារ របស់ក្រសួងធនធានទឹកនិងឧតុនិយម បានចុះធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន នៅតាមខេត្ត-ក្រុង ដើម្បីផ្សព្វផ្សាយអំពីស្ថានភាពអាកាសធាតុក្តៅ ព្រមទាំងប្រាប់ឱ្យ ប្រជាពល រដ្ឋថែរក្សាប្រភពទឹកទុកប្រើប្រាស់ផង។ ក្រៅពីនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានចាត់វិធានការជាច្រើនចំពោះការធ្វើអន្តរាគមន៍លើបញ្ហាខ្វះទឹកនេះ ដូចជាបានកាយប្រឡាយទាញយកទឹកពីទំនប់ពហុបំណងបង្ហូរមកស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ឱ្យ ប្រជាពលរដ្ឋបានទឹកប្រើប្រាស់ ព្រមទាំង ផ្ដល់រថយន្តដឹកទឹក និងជីកស្រះស្ដុកទឹកឱ្យ ពន្ធនាគារ នៅខេត្តឧត្តរមានជ័យជាដើម៕ប្រាថ្នា