ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ សុធា បង្គាប់ឲ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើឈ្មោះ គង់ ភាសិត និងបក្ខពួក បន្លំជាសមត្ថកិច្ចទៅជំរិតលុយពាណិជ្ជករឆៅៗ

ចែករំលែក៖

ភ្នំពេញ៖ នេះជាលើកទី១ ដែលអាជីវករ បានបង្ខំចិត្តប្តឹងសមត្ថកិច្ចតាមផ្លូវច្បាប់ ប្រើសិទ្ធជាពលរដ្ឋដាក់ទៅតំណាងអយ្យការ។ មិនតែប៉ុណ្ណោះក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលត្រូវក្រុមជនសង្ស័យ ចូលគម្រាមជំរិតទារលុយដល់ក្រុមហ៊ុន ដោយអយុត្តិធម៌នោះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យខាងអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើការស៊ើបអង្កេតជាបន្ទាន់ ដើម្បីផ្តល់ភាពយុត្តិធម៍អោយពលរដ្ឋរងគ្រោះ។

គេបានលួចបង្ហើបអោយដឹងថា៖ ដីកាបង្គាប់ឲ្យស៊ើបអង្កេតលេខ៨៨៨ អ.យ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបង្គាប់ឲ្យប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតទៅលើឈ្មោះ គង់ ភាសិត និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើស រំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយអ្នករាជការសាធារណៈ), បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក ,យោងតាមមាត្រា២៩៩, មាត្រា៣០០, មាត្រា៣៦៣, មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

មន្ត្រីសាលាដំបូងបានអោយដឹងថា៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា បានបង្គាប់ឲ្យប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងត្រូវបញ្ជូនលទ្ធផលទៅអយ្យការអមសាលាដំបូងធានីភ្នំពេញ ឲ្យបានឆាប់រហ័ស។

សូមបញ្ជាក់ផងដែរថា៖ លោកស្រី ហ៊ឹម សុភ័ក្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ បានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួយរកយុត្តិធម៌ បន្ទាប់ពីមានក្រុមជនសង្ស័យមួយក្រុម បន្លំខ្លួនជាសមត្ថកិច្ច ចូលអុកឡុកក្នុងឃ្លាំងទំនិញរបស់លោកស្រី នៅក្នុងខណ្ឌសែនសុខ និងសម្លុតទារប្រាក់ពីលោកស្រី។

យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ បានប្តឹងឈ្មោះ គង់ ភាសិត និងបក្ខពួក ដែលមានអាសយដ្ឋាន ផ្ទះលេខ៧១អា ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ «រំលោភលំនៅដ្ឋាន ដោយមានស្ថានទម្ងន់ទោស», បទ«ក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក»។

លោកស្រីនាយិកាក្រុមហ៊ុន ជាដើមបណ្តឹងបានបញ្ជាក់ក្នុងបណ្តឹងថា៖ កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ គង់ ភាសិត និងបក្ខពួក បានបើករថយន្ត ម៉ាក ឡង់គ្រីសឺ ព័ណ៌សកាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5688 ចុះទៅឃ្លាំងរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដោយអះអាងថា ពួកគេ ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សម្រុកចូលក្នុងឃ្លាំង និងបិទទ្វារ និងឆែកឆេរឃ្លាំង។

ឈ្មោះ គង់ ភាសិត និងបក្ខពួក បានបង្ខំឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ចេញពីឃ្លាំង និងទាក់ទងទៅលោកស្រី ហ៊ឹម សុភ័ក្រ មកចរចា បង់លុយសម្រួលបញ្ចប់រឿង បើមិនដូច្នេះទេ ពួកគេ [គង់ ភាសិត និងបក្ខពួក] នឹងសុំឲ្យព្រះរាជអាជ្ញា ចាប់ខ្លួនបុគ្គលិកទាំងអស់ នៅក្នុងឃ្លាំងនេះតែម្តង។

ពាក់ព័ន្ធក្នុងរឿងនេះ ក្រុមជនសង្ស័យត្រូវគេស្គាល់ថា មានបុរសម្នាក់ឋានៈផ្កាយ១ ពាក់អាវយឺតព័ណ៌ក្រហម ដែលជាអ្នកដឹកនាំកម្លាំង សម្រុកចូលក្នុងឃ្លាំងទំនិញរបស់លោកស្រី ហ៊ឹម សុភ័ក្រ រួចទាញទ្វារឃ្លាំងបិទ និងបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុន ហៅទូរស័ព្ទហៅទៅលោកស្រី ហ៊ឹម សុភ័ក្រ ឲ្យមកចរចាបង់លុយឲ្យពួកគេដើម្បីបញ្ចប់រឿង។

លោកស្រី ហ៊ឹម សុភ័ក្រ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា ក្រុុមហ៊ុនលោកស្រីត្រូវទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបអាចបើកអាជីវកម្ម ថែមទាំងរកស៊ីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ប៉ុន្តែក្រុមមន្ត្រីជំនាញមួយចំនួនតែងតែចង់ធ្វើស៊ីក្រុមហ៊ុនរបស់លោកស្រី ដែលជាក្រុមហ៊ុនក្នុងស្រុក ហាក់បីដូចជាចង់បំផ្លាញក្រុមហ៊ុនលោកស្រីឲ្យរលាយតែម្តង។

លោកស្រីបានលើកឡើងថា៖ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបង្កើតមុខរបររកស៊ី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម សំដៅបង្កើតការការងារជូនពលរដ្ឋ និងបង្កើនចំណូលជាតិ តាមរយៈការបង់ពន្ធរបស់សហគ្រិន។ ក្នុងនោះក៏ធ្វើអោយរដ្ឋទទួលបានចំណូលពន្ធ ប្រជាពលរដ្ឋមានការងារធ្វើ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលលើវិធានការកាត់បន្ថយភាពក្រក្រក្នុងសង្គម។ មិនតែប៉ុណ្ណោះ ក្នុងគោលបំណងធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវ អភិក្រម ចំនួន៥ រួមមាន៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ ដើម្បីកែប្រែទម្លាប់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឲ្យបញ្ឈប់រាល់អំពើល្មើសច្បាប់ កៀបប្រជាជន និងសហគ្រិន ដោយខុសច្បាប់តទៅទៀត។

ចំពោះចំណាត់របស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យខាងអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើការស៊ើបអង្កេតជាបន្ទាន់ ដើម្បីផ្តល់ភាពយុត្តិធម៍អោយពលរដ្ឋរងគ្រោះ គឺមានការគាំទ្រពីស្ថាប័នមួយចំនួន ក៏ដូចជាបុគ្គលិក មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្នុងយុគ្គសម័យកំណែទម្រង់រដ្ឋបាល ហើយក៏ជាលើកទឹកចិត្តដល់អ្នកវិនិយោគទុនផងដែរ៕ សុខ ខេមរា

 


ចែករំលែក៖