ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបសង្វៀនមាន់ជល់ លាក់ខ្លួនក្នុងចំការកៅស៊ូមួយកន្លែង សង្ស័យពាក់ព័ន្ធនឹងនាយប៉ុស្តិ៍បឹងល្វា ត្រូវបានបង្រ្កាបបានម៉ូតូចំនួន២២គ្រឿង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ឲ្យលោក ដួង សារ៉ន ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចុះបង្រ្កាបដល់ទីតាំងស្ថិតនៅភូមិសាស្ត្រ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងល្បែងស៊ីសង ជល់មាន់ បៀរ អាប៉ោង ដែលបានលាក់ខ្លួន នៅក្នុងចំការកៅស៊ូ ស្ថិតនៅចំណុចខាងក្រោយប៉ុស្តនគរបាលឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ គឺជាបនល្បែងស៊ីសងនេះ ត្រូវបានមហាជនសង្ស័យថា មានការពាក់ព័ន្ធនឹងលោក ហាក់ សារ៉ាត នាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា ដែលជានាយប៉ុស្តិ៍សំបូររឿងអាស្រូវ តែពុំត្រូវបានថ្នាក់លើចាត់វិធានការទេ ចាប់តាំងពីលោកស្នងការមុន រហូតដល់លោកស្នងការក្រោយ ដែលបានអនុវត្តផ្ទុយបទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល។
កិច្ចសហប្របត្តិការ បង្រ្កាបបនល្បែងស៊ីសង ក្រោយប៉ុស្តិ៍រដ្ឋបាលបឹងល្វា សមត្ថកិច្ចប៉ូលិសឃុំបឹងល្វា មិនបានដឹងថា មានបនល្បែងស៊ីសងទេ តែបែរជាសមត្ថកិច្ចនៅឯខេត្តកំពង់ធំ ដឹងច្បាស់ រហូតដឹកនាំដោយ លោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ធំ ចាប់បាន បានម៉ូតូចំនួន២២គ្រឿ មាន់ជល់ ងាប់២ក្បាល រួមទាំងបានឃាត់ខ្លួន មនុស្សចំនួន៤នាក់ មកសួរនាំនៅរាជអាវុហត្ថខេត្តកំពង់ធំ ។
ចំណែកអ្នកលេងឯទៀត បានរត់បាត់អស់ និងសូមបញ្ជាក់ថា ទីតាំងបនល្បែងស៊ីសង បៀរ អាប៉ោង ក្រោម ក្លៀករបស់ លោក ហាក់ សារ៉ាត់ មេប៉ុស្តិ៍បឹងល្វានេះ បានបង្រ្កាបជាលើកទី៣មកហើយ នៅកន្លែងដដែលៗ ទើបធ្វើឲ្យមានការសង្ស័យថា ការបើកបនល្បែងស៊ីសង ក្នុងចំការកៅស៊ូនេះ មានការពេញចិត្តនិង បើកភ្លើងខៀវពីលោក មេប៉ុស្តិ៍។
មហាជនជាច្រើន បានសំណូមពរដល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយស៊ើប អង្កេតមន្រ្តីថា្នក់ក្រោម ជាពិសេសលោក ហាក់ សារ៉ាត់ នាយប៉ុស្តិ៍រដ្ឋបាល ឃុំបឹងល្វា ដែលសង្ស័យថា រួមផ្សំ គំនិត ឲ្យមានល្បែងស៊ីសង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលជាការអនុវត្តផ្ទុយ ពីបទបញ្ជារបស់ ប្រមុខ រាជរដ្ឋាភិបាល ក៏ដូចជា កាលមើលស្រាល វិន័យ និងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ធ្វើឲ្យភូមិសាស្រ្តឃុំបឹងល្វា ប្រឈមនឹងបញ្ហាចោរលួច ចោរប្លន់ ប្រជាពលរដ្ឋ អសុវត្ថិភាព។
ទន្ទឹមនឹងនោះ ពលរដ្នសំដែងនូវការត្រេកអរ សាទរចំពោះចំណាត់ការនេះ ក៏ព្រោះតែគ្រួសាររបស់គាត់មិនខ្វល់ពីជីវភាពទេ បែរជាងប់ងល់នឹងល្បែង ស៊ីសង ពាលាអាវាសែទៅវិញ ៕ ប៊ុនរិទ្ធី