គេរាយការណ៍ថា សកម្មភាពចាក់ដីលុបមាត់ចំណីស្ទឹងសែន ទីរួមខេត្តកំពង់ធំ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ។ ឃើញអ្នកមានអំណាចចាក់លុបមាត់ស្ទឹង អ្នកមានលុយក៏ធ្វើតាម រីឯអាជ្ញាធរ បានប្រកាសអំពីការចាត់វិធានការ ក្នុងករណីនេះដែរ ប៉ុន្តែហាក់គ្មាន ប្រសិទ្ធភាពទាល់តែសោះ ។ ការដែលគ្មានប្រសិទ្ធភាព ព្រោះគេសង្កេតឃើញថ្នាក់ដឹកនាំខេត្ត គឺជាគំរូអាក្រក់ក្នុងការចាក់ដី លុបចំណីមាត់ស្ទឹងនេះ ។ នៅពេលដែលមន្ត្រីថ្នាក់ធំៗ នាំគ្នាធ្វើយ៉ាងដូច្នេះ ប្រជាពលរដ្ឋដែលមានលុយ ក៏នាំគ្នាធ្វើតាម ។ ដូច្នេះគ្មាននរណាទប់ស្កាត់នរណានោះទេ ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅអូរកន្ធរ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន បានឲ្យដឹងថា ចំណីស្ទឹងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ត្រូវបានគេចាក់ដីលុបដើម្បីសាងសង់លំនៅឋាន និងសំណង់ផ្សេងៗ ស្ទើរបិទផ្ទៃទឹកស្ទឹងទៅហើយ ។ ពលរដ្ឋនិយាយថា បើគ្មានការត្រូវរ៉ូវគ្នាទេនោះ សកម្មភាពនៃការចាក់ដីលុបមាត់ស្ទឹងនេះ ក៏មិនអាចដំណើរការទៅបាន ជាពិសេសគឺគំរូអាក្រក់របស់ថ្នាក់ដឹកនាំខេត្តកំពង់ធំនោះតែម្តង ។ ប្រជាពលរដ្ឋនិយាយថា បើថ្នាក់ដឹកនាំខេត្តធ្វើជាគំរូអាក្រក់ហើយនោះ តើឋានៈត្រឹមមេឃុំ-ចៅសង្កាត់ ឬអភិបាលស្រុកហ៊ានចុះទៅបង្ក្រាបទង្វើខុសច្បាប់ទាំងនោះម្តេចនឹងកើត? នៅពេលដែលថ្នាក់ដឹកនាំប្រព្រឹត្តអំពើខុសច្បាប់ ដូច្នេះប្រជាពលរដ្ឋអ្នកមានលុយក៏ធ្វើតាម ។ តើថ្នាក់ដឹកនាំខេត្តទៅឃាត់ប្រជាពលរដ្ឋ មិនឲ្យធ្វើតាមខ្លួនយ៉ាងដូចម្តេច?
អ្នកភូមិបានឲ្យដឹងថា អាជ្ញាធរសង្កាត់ ក៏ដូចជាក្រុងស្ទឹងសែនមិនហ៊ានក្អកចំពោះសកម្មភាពនៃការចាក់ដីលុបចំណីមាត់ស្ទឹងសែននោះទេ ។ ដូច្នេះហើយ បានជាប្រជាពលរដ្ឋដទៃទៀត ឃើញទិដ្ឋភាពបែបនេះ ក៏នាំគ្នាធ្វើតាម ។ វាក្លាយទៅជាយុទ្ធនាការនៃការចាក់ដីលុបចំណីមាត់ស្ទឹងសែន ខេត្តកំពង់ធំ ។ មន្ទីរជំនាញដូចជាបរិស្ថាន និងធនធានទឹកជាដើម ក៏មិនដែលឮមាត់ ឮក ក្នុងករណីខាងលើនេះដែរ ។ ដូច្នេះទាំងប៉ី ទាំងទ្រ គឺព្រមគ្នា ក្នុងការចាក់ដីលុបស្ទឹងសែននេះ ។ គេសង្ឃឹមថា មានតែក្រសួងជំនាញថ្នាក់ជាតិប៉ុណ្ណោះ ទើបអាចសង្គ្រោះស្ទឹងសែនពីកណ្តាប់ដៃពីអ្នកមានអំណាចនៅខេត្តកំពង់ធំនោះបាន ៕