ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងជើងរង់ចាំសន្តិភាពមួយជីវិតទៅហើយនៅតែមិនទាន់រកឃើញ

ចែករំលែក៖

រយៈពេលជាង៦៦ឆ្នាំកន្លងមកចាប់តាំងពីកូរ៉េទាំងពីរបានបញ្ចប់សង្គ្រាមដោយកិច្ចព្រមព្រៀងឈប់បាញ់គ្រួសារដែលបែក បាក់ដោយសារសង្គ្រាមបានរង់ចាំអស់ រយៈ ពេលជិត៧០ឆ្នាំកន្លងមកដើម្បីបានជួបជុំគ្រួសារ ។ពលរដ្ឋភាគច្រើនបានដាក់ក្តី សង្ឃឹមទៅលើជំនួបកំពូលលើកទីពីរនៅ ប្រទេសវៀតណាម ប៉ុន្តែមិនអាចផ្តល់ក្តី សង្ឃឹមដល់ពលរដ្ឋកូរ៉េទាំងពីរនោះឡើយ។

ជំនួបពិភាក្សាលើកទីពីររវាងប្រធានា ធិបតីដូណាល់ត្រាំនឹងមេដឹកនាំកូរ៉េខាង ជើងលោក គីមជុង អ៊ុន រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០១៩នៅ ទីក្រុងហាណូយ ត្រូវបានពិភពលោករំពឹង ថាភាគីទាំងពីរនឹងឈានដល់សន្តិភាព ។

សហគមន៍អន្តរជាតិបានស្វាគមន៍អបអរសាទរដល់កិច្ចប្រជុំនោះដោយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរជាងជំនួបទីមួយនៅក្នុងប្រទេសសិង្ហបុរី កាលពី ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ។ ប៉ុន្តែក្តី សង្ឃឹមទាំងប៉ុន្មានត្រូវបានរលាយ ដោយសារតែការបញ្ចប់កិច្ចប្រជុំមិនមាន កិច្ចព្រមព្រៀងណាមួយកើតឡើងនោះឡើយ។ ក្តីស្រមៃរបស់ពលរដ្ឋកូរ៉េខាងជើងពីសន្ធិ សញ្ញាសន្តិភាពបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ ត្រូវបានបាត់បង់ជាថ្មី ។

ក្រោយកិច្ចប្រជុំលើកទីពីរជាមួយអាមេរិកបរាជ័យ ហើយបញ្ចប់មុនពេលកំណត់ ដោយលោកត្រាំបានចាកចេញពីទីក្រុងហាណូយឡើងយន្តហោះទៅកាន់អាមេរិកភ្លាម ។ នៅពេលនោះដែរ កូរ៉េខាងជើងក៏បានបញ្ជូនអនុរដ្ឋមន្រ្តីការបរទេស លោក Ri Kil-Song ចាកចេញពីទីក្រុងហាណូយដើម្បីឆ្ពោះទៅកាន់ប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ដែលអន្តរជាតិបានទន្ទឹងរង់ចាំផ្ទៀងមើលលទ្ធផលយ៉ាងអន្ទះសានោះ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។

លោក Ri Kil-Song បានដឹកនាំប្រតិភូកូរ៉េខាងជើងចេញទៅប្រទេសចិននៅប៉ុន្មានម៉ោង ប៉ុណ្ណោះ ក្រោយពីជំនួបកំពូលរវាង លោក គីម ជុងអ៊ុន និង លោក ដូណាល់ ត្រាំ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧ នឹងទី២៨ ខែកុម្ភៈនេះ នៅរដ្ឋធានីហា ណូយ នៃប្រទេសវៀតណាមត្រូវបានបញ្ចប់ទៅទាំងតក់ក្រហល់មុនការព្រាងទុក និងពុំមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមអ្វីទាំងអស់។

គួរជម្រាបថា លោក Ri ព្រមទាំងក្រុមមន្រ្តីដែលលោកដឹកនាំចេញទៅចិននោះ សុទ្ធតែបានមកដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអង្គារ តាមរថភ្លើងជាមួយ លោក គីម ជុងអ៊ុន ដោយចំណាយពេល ជាង៦០ម៉ោង ឬជិត០៣ថ្ងៃ ក្រោយចាក ចេញពីរដ្ឋធានីព្យុងយ៉ាង។ យ៉ាងណាមិញ ទោះជំនួបកំពូលជាមួយ លោក ត្រាំ បាន បញ្ចប់ទៅហើយក៏ដោយក៏លោក គីម ត្រូវ បន្តស្នាក់នៅទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល០២ថ្ងៃ គឺថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមការអញ្ជើញ របស់ប្រមុខរដ្ឋវៀតណាម។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា អាមេរិកគួរតែបន្ធូរខ្សែបន្តិច មិនរឹត បន្តឹងទៅលើកូរ៉េខាងជើង ដោយយល់ព្រមលុបទណ្ឌកម្មមួយផ្នែកតូច ដើម្បីចាំមើលថាតើកូរ៉េខាងជើងមានអ្វីតបវិញនោះទេ ។ ហើយបើកូរ៉េខាងជើងមិនមានសកម្មភាពតបតនោះអាមេរិកអាចបង្កើនទណ្ឌកម្មវិញបានគ្រប់ វិនាទី ។

កាលពីយប់ថ្ងៃទី២៨ខែកុម្ភៈ កូរ៉េខាងជើងបានធ្វើសន្និសីទកាសែតអន្តរជាតិ នៅ ទីក្រុងហាណូយ ហើយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បាន បញ្ជាក់ថា កូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរគោល ជំហរភ្លាមៗនោះឡើយ ។

នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃ ទី១ខែមីនា កូរ៉េខាងជើងបានអញ្ជើញក្រុម អ្នកសារព័ត៌មានអន្តរជាតិទៅចូលរួមសន្និសីទដែលបានធ្វើឡើងនៅក្នុងសណ្ឋាគារ Malia ដែលគណៈប្រតិភូកូរ៉េខាងជើងបានស្នាក់នៅទីនោះ ។ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង បានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានស្នើឲ្យលុបទណ្ឌកម្មចំនួន៥ដែលអង្គការសហប្រជាជាតិបានសម្រេចដាក់ទៅលើកូរ៉េខាងជើង ក្នុងនោះមានការពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ពលរដ្ឋ ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានលើកឡើងថា ទីក្រុងព្យុងយ៉ាងចង់ឲ្យលុប ទណ្ឌកម្មមួយផ្នែកប៉ុណ្ណោះ មិនមែនទាំង ស្រុងនោះឡើយ ។

កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសថា លោកមិនទាន់គិត ដល់ជំនួបលើកទីបីឡើយ ប៉ុន្តែលោកសង្ឃឹម ថានឹងកើតឡើង ក្នុងពេលឆាប់ៗនេះ។

កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានឡើងយន្តហោះវិលត្រឡប់ទៅកាន់អាមេរិកវិញ ដោយបញ្ចប់កិច្ចប្រជុំមុនពេលកំណត់ជាមួយមេដឹកនាំ គីម ជុងអ៊ុនដោយមិនមានកិច្ចព្រមព្រៀងណាមួយនោះឡើយ ។ ប៉ុន្តែ លោក ត្រាំបានសរសើរដល់ ទំនាក់ទំនងជិតស្និទ្ធកក់ក្តៅជាមួយលោក គីម ជុងអ៊ុន។

មានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិ ក្រោយបញ្ចប់កិច្ចប្រជុំបើកទូលាយ ជាមួយគណៈប្រតិភូកូរ៉េខាងជើងប្រធានា ធិបតីដូណាល់ត្រាំ បានលើកឡើងថា ភាគីទាំងពីរបានបរាជ័យនៅក្នុងការខិតខំឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ដោយភាគីកូរ៉េខាងជើងបានស្នើឲ្យលុបទណ្ឌកម្ម ជាមុន ។

លោកត្រាំបានលើកឡើងថា ” ការលុប​ទណ្ឌកម្មទាំងស្រុង នាពេលនេះ យើងមិន​អាចធ្វើបានឡើយ” ។ លោកត្រាំបន្តទៀត​ថា ខ្ញុំមិនចង់ប្រញាប់ប្រញាល់ចុះកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងឡើយ ខ្ញុំចង់ឲ្យ កិច្ចព្រមព្រៀងមានលក្ខណៈត្រឹមត្រូវជា​មួយមេដឹកនាំ គីម ជុងអ៊ុន ។

ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុង​អ៊ុន វិញបានបញ្ជាក់ថា “បើខ្ញុំមិនចង់រំសាយ​អាវុធបរមាណូ ខ្ញុំក៏មិនមកទីនេះដែរ” ៕ ម៉េវ សាធី


ចែករំលែក៖