មកទល់ពេលនេះ ជំងឺកញ្ជ្រិលកំពុងតែឆ្លងរាលដាលដល់១០ប្រទេស ហើយបានសម្លាប់មនុស្សជាច្រើន ក្នុងរយៈពេលកន្លងមក មិនតែប៉ុណ្ណោះ បានឆ្លងរាលដាល់ដល់ មនុស្សរាប់ពាន់នាក់ ។
បច្ចុប្បន្ន ជំងឺនេះបានឆ្លង រាល់ដាលដល់ប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់អឺរ៉ុបផងដែរ ។ មិនថា តែប្រទេសអ្នកក្រ សេដ្ឋកិច្ចទន់ខ្សោយ ឬជាប្រទេសអ្នកមាន សេដ្ឋកិច្ចរីកចម្រើនអ្វីឡើយ គឺមានកំណើនតួលេខដូចតែគ្នា ។ ជាក់ស្តែង សូម្បីប្រទេសបារាំង ក៏មានកំណើនស្តីអំពីជំងឺមួយនេះផងដែរ ។
តាមរបាយការណ៍របស់អង្គការ UNICEF បានបញ្ជាក់ថា ប្រទេសចំនួន១០ ដែលមានជំងឺកញ្ជ្រិលនេះខ្លាំងជាងគេ ក្នុងនោះមានប្រេស៊ីល ។ កុមារប្រេស៊ីល ផ្ទុកនូវជំងឺកញ្ជ្រិលនេះចំនួន១០,២៦២ករណី ដែលមិនធ្លាប់មាន តាំងពីមុនមក ។ ប្រទេសអ៊ុយក្រែន មានជំងឺកញ្ជ្រិល ៣៥,១២០ ករណី ហើយហ្វីលីពីន ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩ ជំងឺនេះមានចំនួន១៣,៧២៣ករណី ក្នុងនោះបាត់បង់ជីវិត២១៥នាក់ នៅទូទាំងប្រទេស ។ ប្រទេសបារាំង ដែលជាប្រទេសអ្នកមាននោះ មានករណីជំងឺកញ្ជ្រិលនេះ កើនឡើង ២,២៦៩ ករណី ក្នុងឆ្នាំកន្លងទៅ ។
ប្រទេស៦ផ្សេងទៀត ដែលរងនូវការវាយលុកពីជំងឺកញ្ជ្រិលកើនឡើងខ្លាំងដែរនោះ រួមមានយែមែន, វេណេហ្ស៊ុយអេឡា, ស៊េប៊ី, ម៉ាដាហ្គាស្ការ, ស៊ូដង់ និងប្រទេសថៃផងដែរ ។
អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅ ជំងឺកញ្ជ្រិលនៅទូទាំងពិភពលោកកើនឡើង៥០ភាគរយ សម្លាប់កុមារ១៣៦,០០០នាក់ ។ ជំនាញបានអះអាងថា ជំងឺកញ្ជ្រិលនេះ ឆ្លងឆាប់រហ័សជាងជំងឺរបេង និងជាងជំងឺអេបូឡា ទៅទៀត ។
សូមបញ្ជាក់ថា ជំងឺកញ្ជ្រិលឬ Rubeola គឺជាការជំងឺតាមប្រព័ន្ធផ្លូវដង្ហើម ។ ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ជាមួយទឹករំអិល និងទឹកមាត់របស់អ្នកជំងឺ និងឆ្លងតាមរយៈក្អក ឬកណ្តាស់ ។
រោគសញ្ញារួមមាន៖ ក្អក, គ្រុនក្តៅ, ភ្នែកក្រហម, ភាពប្រែប្រួលពន្លឺ, ឈឺសាច់ដុំ, ហៀរសម្បុរ, ឈឺ ក និងចំណុចពណ៌ស នៅក្នុងមាត់ ៕