ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់យកដំបងវាយទៅលើលោកតាម្នាក់បណ្ដាលឲ្យរបួសយ៉ាងដំណំ ព្រោះខឹងយកឈើច្រត បម្រុងវាយឆ្កែរបស់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីម្នាក់ព្រោះតែខឹងនឹងលោកតា យកឈើច្រតបម្រុងវាយឆ្កែរបស់ខ្លួន បានស្ទុះទៅយកដំបងឫស្សីងាប់មួយដើម យកមកវាយលោកតាចំក្បាល បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង២០នាទី ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា នារីសង្ស័យឈ្មោះ ម៉ូវ ង៉ិចហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ។ ចំណែកឯលោកតារងគ្រោះឈ្មោះ លីវ ឈៀង ភេទប្រុស អាយុ៩៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាស់ជរា (ស្នាមរបួសចំនុចក្បាលនិងដៃឆ្វេង) ។ នារីរងសង្ស័យនិងលោកតារងគ្រោះមានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតមានដំបងឫស្សីងាប់ចំនួន១ដើម ប្រវែង១០៦សង្ទីម៉ែត្រ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង១៦និង២០នាទី លោកតារងគ្រោះបានដើរត្រឡប់ទៅផ្ទះ ដោយបានកាត់មុខផ្ទះនារីសង្ស័យ ខណៈដែលដើរនោះក៏ស្រាប់តែឆ្កែរបស់នារីសង្ស័យបានចេញមកព្រុសលោកតា ធ្វើឲ្យលោកតារងគ្រោះភ័យក៏យកឈើច្រត់ដែលលោកតាកាន់នោះ យាបម្រុងវាយឆ្កែដើម្បីកុំឲ្យឆ្កែខាំ ស្រាប់តែនារីសង្ស័យក្រឡេកឃើញក៏លោកតាវាយឆ្កែខ្លួន ក៏ស្ទុះទៅយកដំបងឫស្សីមួយដើម ប្រវែងជាមួយម៉ែត្រមកវាយទៅលើលោកតារងគ្រោះ បណ្ដាលឲ្យចំក្បាល និងដៃរងរបួសយ៉ាងដំណំ ។

ក្រោយពីមានហេតុការណ៍កើតឡើង លោកតារងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅស្វាយតានី រីឯនារីសង្ស័យត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖