ខេត្តកណ្ដាល៖ នារីម្នាក់ បើកម៉ូតូល្បឿនលឿន បានរេកចង្កូតកៀរជាមួយបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានព្រែកតាម៉ាក់ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សន សេងហៀប ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡេត ពណ៌ស+ខៀវ ពាក់ស្លាកលេខ ព្រៃវែង 1L-1359 ។
ប្រភពដដែលបន្ដថានៅមុនពេលកើតហេតុ សាក្សីបានឃើញនារីរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡេត ក្នុងទិសដៅពីកើតទៅលិច (ព្រែកតាម៉ាក់ទៅភ្នំពេញ) ដោយល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានរេកចង្កូតមកកៀររបង្កាន់ដៃស្ពាន បណ្ដាលឲ្យនារីរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍បានចុះមកពិនិត្យ វាស់វែង រួចសន្និដ្ឋានថា ករណីខាងលើនេះ គឺបណ្ដាលមកពីនារីរងគ្រោះបើកបរខ្វះការប្រុងប្រយ័ត្ន មិនមើលពីស្ថានភាព ទើបបានជាកៀរជាមួយបង្កាន់ដៃស្ពាន ដួលខ្លួនឯងបែបនេះ ។ បន្ទាប់ពីធ្វើការពិនិត្យចប់ នគរបាលជំនាញបានកសាងឯកសារដកហូតយកម៉ូតូនារីរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ