ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមានចាត់វិធានការការលបលួច បើកល្បែងហ្គេម Online ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ ​ព្រមានចាត់វិធានការក្ដៅ​បង្ក្រាបឲ្យខាងតែបាន ប្រសិនបើការស្រាវជ្រាវរកឃើញ ថាមានការលបលួច បើកល្បែងហ្គេម Online ភ្នាល់​បាល់​ ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ដូចការចេញផ្សាយលើកឡើងរបស់សារព័ត៌មានមួយចំនួន ពិតមែននោះ។

ការព្រមានធ្ងន់ៗរបស់ថ្នាក់ដឹកនាំសំខាន់ៗ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ​បានធ្វើឡើង​នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោយពីទីតាំងមួយនេះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ ក្រោមការដឹកនាំ​ពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមដំណើរដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត ធ្លាប់បានលបឆ្មក់ចុះបង្ក្រាបម្ដងរួចមកហើយ និងដកហូតទូរហ្គេម ចំនួន១២គ្រឿង ដែលបើដំណើរការដោយជនជាតិចិន​កាលពីពេលកន្លងមក។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទូរហ្គេមសម្រាប់លេងភ្នាល់តាម Online ចំនួន១២គ្រឿងដែលលួចបើកលេងដោយគ្មានច្បាប់ទម្លាប់ ទាំងយប់ទាំងថ្ងៃ​របស់ជនជាតិចិន ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ត្រូវបានលោក ជា ពិសី​ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប។

ប្រតិបត្តិការក្នុងការតាមស៊ើបអង្កេត ឈានដល់ការបង្ក្រាបប្រភេទល្បែងភ្នាល់ចាក់បាល់តាម Online ខាងលើនេះ ក៏មានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ, លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ, ចៅសង្កាត់រងទួលសង្កែ១ លោក ឃុយ សារុន, លោក នង សាប៊ុង នាយនគរបាលប៉ុស្ដិ៍ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

បើតាមលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញចំគោលដៅពីលោក ជា ពិសី ​​បន្ទាប់ពីលោកទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបើកការតាមដានស៉ើបអង្កេត រកឲ្យឃើញជាក់ស្ដែងនៃបទល្មើស ទើបឈានដល់ការបង្ក្រាបដកហូតទូរហ្គេមចំនួន១២គ្រឿង យកមករក្សាទុកតែម្ដង។

លោក ជា ពិសី ក៏បានបញ្ជាក់ថា ក្រៅពីការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន១៧នាក់ ដកហូតវត្ថុតាងមួយចំនួន ហើយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នៅតែបន្តក្នុងការស្រាវជ្រាវបង្ក្រាបឲ្យកាន់តែក្លាំងក្លា ដើម្បីរក្សាសន្តិសុខ និងការអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព បើទោះជាទទួលបាន​ ឬមិនអាចទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋក៏ដោយ៕​ អារុណរះ


ចែករំលែក៖