ខេត្តកណ្តាល៖ ស្ត្រីម្នាក់យកដំបងឫស្សី វាយតាចាស់ម្នាក់អាយុ ជិត១០០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចេញដីកា ឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះ អាសន្នពីបទ “ហិង្សាដោយចេតនា (ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង២០នាទី តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទមាន ឈ្មោះម៉ូវ ង៉ិចហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ លីវ ឈៀង ភេទប្រុស អាយុ៩៤ ឆ្នាំជនជាតិខ្មែរ ចាស់ជរា មានទីលំនៅភូមិ-ឃុំកើតហេតុ (របួស ក្បាល និងដៃឆ្វេង) ។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាល ស្រុកស្អាងបានឲ្យដឹងថានៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះឈ្មោះ លីវ ឈៀង បានដើរកាន់ឈើច្រត តាមផ្លូវលំ កាត់មុខផ្ទះរបស់ឈ្មោះ ម៉ូវ ង៉ិចហៀក ។ ពេលនោះ ឆ្កែរបស់ឈ្មោះម៉ូវ ង៉ិចហៀក ចំនួន២ក្បាលបានព្រុស ខ្លាំងៗចេញពីក្នុងផ្ទះមកដេញខាំជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះ បានយកឈើច្រតរបស់ ខ្លួនយារ វាយឆ្កែដើម្បីកុំឲ្យឆ្កែខាំ ក៏ត្រូវឈ្មោះ ម៉ូវ ង៉ិចហៀក ថាគេវ៉ៃឆ្កែរបស់ខ្លួន ក៏យកដំបងឫស្សីមកវាយជនរងគ្រោះបណ្តាលឲ្យ បែកចំពីលើក្បាល និងមានស្នាមមុតដៃចេញឈាមទៀតផង ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាល របួសនៅមន្ទីរ ពេទ្យឯកជនមួយ នៅស្វាយតានី ៕ ឆ ដា