គេរាយការណ៍ថា លោក ផាត់ វីរៈ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលទើបឡើងកាន់តំណែងថ្មីៗ បាននិងកំពុងត្រូវប៉ាន់យ៉ាងសម្បើមពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមរយៈការចាត់ឲ្យពួកមន្ត្រីនគរបាលដែលជាដៃជើងប្រមូលសេដ្ឋកិច្ច តាមរយៈការធ្វើស្ថិតិដើម្បីប្រមូលក្រុមឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលរកស៊ីដឹកទំនិញបង់ពន្ធមិនគ្រប់ និងចូលខុសម៉ោងរដ្ឋបាល ត្រូវគិតគូរពីសេវាសម្រាប់ពួកមន្ត្រីនគរបាលនៅទីនោះ ។ ពួកមន្ត្រីនគរបាលអន្តោប្រវេសន៍ជាអ្នករៀបផែនការយុទ្ធសាស្ត្រ ដើម្បីឲ្យឈ្មួញអ្នករកស៊ីបង់ប្រាក់ជូនពួកខ្លួន ។
ប្រភពបានបង្ហើបថា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិមានតួនាទីជាអ្នកត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល, អ្នកដំណើរ ភ្ញៀវជាតិ អន្តរជាតិ, ប្រថាប់ត្រាលើលិខិតឆ្លងដែន (ទិដ្ឋាការ) ទប់ស្កាត់ការហូរចូលរាល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងផ្តល់ទិដ្ឋាការភ្ញៀវចូលក្នុងប្រទេស ។ ប៉ុន្តែសម្រាប់លោក ផាត់ វីរៈ ដែលទើបតែមកកាន់តំណែងជាប្រធាននគរបាលអន្តោប្រវេសន៍ច្រកព្រំ ត្រូវគេអះអាងថា បានបង្កើតឲ្យមានយុទ្ធសាស្ត្រទាញយកលាភសក្ការ ទាំងបំពានទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ដូចដែលមានចែងក្នុងអនុក្រឹត្យលេខ៦៤ ។ មានន័យថា ច្បាប់ទុកមួយដុំ លៃយ៉ាងណាឲ្យបានសេដ្ឋកិច្ចចូលហោប៉ៅសិន ។
គេរាយការណ៍ថា លោកផាត់ វីរៈ បានបណ្តោយឲ្យមន្ត្រីរបស់ខ្លួនធ្វើសកម្មភាពគាបសង្កត់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករតូចតាចដឹកទំនិញតាមរទេះ តម្រូវឲ្យបង់លុយដោយមិនចេញវិក្ក័យបត្រនោះឡើយ ។ ប្រភពបានរាយការណ៍ថា សកម្មភាពទាំងឡាយ ដែលជាអំពើផ្ទុយនឹងអនុក្រឹត្យលេខ៦៤ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ពោលគឺលោក ផាត់ វីរៈ កាន់តែគាប់ទាំងឈ្មួញ និងអ្នករកស៊ីតូចតាច ។ ពួកឈ្មួញ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនត្រូវបង់ក្បាលឡានជូនលោកផាត់ វីរៈ លើកលែងតែក្រុមហ៊ុនដឹកជញ្ជូនខ្លះ ដែលមានខ្សែស្រឡាយ ឬខ្នងបង្អែកធំ គឺចំណាយតិចសម្រាប់លោក ផាត់ វីរៈ ៕