ព័ត៌មានទាន់ហេតុការណ៍៖

ប្រលោមលោករឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់» ធ្លាប់មានអ្នកអានរាប់លាននាក់ប្រកាសបញ្ចេញជាភាពយន្តភាគហើយ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតរឿងប្រលោមលោកល្បីល្បាញរឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ ត្រូវបានសម្រិតសម្រាំង និងចាយទុនយ៉ាងច្រើនដើម្បីផលិតចេញជាភាពយន្តភាគដែលមានគុណភាពខ្ពស់ហើយ ។ ការប្រកាសបញ្ចេញភាពយន្តនេះជាផ្លូវការត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅផ្សារទំនើបអ៊ីអន១ ក្រោមវត្តមានផលិតករសិល្បករជាច្រើនរូប ។

ជាផ្នែកមួយក្នុងជួយលើកស្ទួយវិស័យភាពយន្តភាគខ្មែរ ទូរទស្សន៍PNN បានវិនិយោគទុនយ៉ាងច្រើនលើវិស័យភាពយន្តភាគខ្មែរជាបន្តបន្ទាប់ ។ ភាពយន្តភាគខ្មែរថ្មីចុងក្រោយ ដែលគេដឹងថា ទូរទស្សន៍នេះបានដាក់ទុនច្រើនសន្ធឹកស្ទាប់ខាងលើត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ព្រោះតែភាពយន្តនេះលេចចេញពីប្រលោមលោកដ៏ល្បីល្បាញលើបណ្តាញអ៊ីនធើណេតក្រោមស្នាដៃប្រលោមលោករបស់អ្នកនិពន្ធ ម៉ី សនសុធារី ដែលមានឈុតឆាកល្អៗច្រើន ទំាងផ្នែកពាណិជ្ជកម្ម បទពិសោធន៍ជីវិត និងមនោសញ្ចេតនាទន់ភ្លន់ ត្រូវបានជ្រើសយកមកផលិត ។ ទូរទស្សន៍ Pnn ចាត់ទុករឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាខ្សែវីដេអូភាគធំ របស់ខ្លួនប្រចាំឆ្នាំ២០១៩ ។

កញ្ញាទូច បុប្ឋា ប្រធានផ្នែកកម្មវិធីផ្សាយប្រចាំទូរទស្សន៍PNN បានថ្លែងថានេះជារឿងភាគដំបូងដែលបានចំណាយពេលផលិតតអស់ពេល១ឆ្នាំ និងបានកម្លាយចេញពីប្រលោមលោកដ៍មានប្រជាប្រិយភាពមួយ ។ រឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់»នឹងត្រូវចាក់ផ្សាយនាថ្ងៃទី១៩ មិនា ឆ្នាំ២០១៩ឆាប់ៗនេះចាប់ពីម៉ោង៧ និង៥០នាទីយប់តទៅពីថ្ងៃច័ន្ទដល់ពុធ ។ រឿងនេះឆ្លុះបញ្ចាំងពីមនោសញ្ចេតនាមិត្តភាពយូរអង្វែងការភ័នច្រឡំដោយអស្មិមានៈ និងតម្លៃនៃគុណធម៌ឈរពីលើផលប្រយោជន៍ ។ រឿងនេះមានលំដាប់សាច់រឿងល្អដោយមានបញ្ចូលឈុតឆាកកន្ត្រាក់អារម្មណ៍ភាពផ្អែមល្ហែម និងមានអ្នកគាំទ្រទូទាំងប្រទេស ។

លោលៀក លីដាចាងហ្វាងផលិតកម្មអិលឌីបានថ្លែងដែរថា ៖រឿងមួយនេះយើងបានសហការគ្នាជាក្រុមសម្រិតសម្រាំងហើយលំបាកណាសទំរាំតែបញ្ចប់ផ្លូវការ ។ ចំពោះរឿងចំណាយដើមទុនលោកគ្រាន់តែបញ្ជាក់ថាច្រើនណាស់ហើយភារៈនេះខាងភីអិនអិនជាអ្នករ៉ាប់រងទាំងមូល ។ អ្វីដែលលោកចាប់ចិត្តលោកសាកល្បងអានប្រលោមលោកនេះហើយជក់ចិត្តបើមិនល្អលោកមិនអាចអានវចប់នូវទំព័ររាប់រយទំព័រតែ២ថ្ងៃប៉ុណ្ណោះ ។ អាននេះចង់ដឹងទីបំផុតលោកសម្រេចចិត្តសហការធ្វើការជាមួយគ្នាដើម្បីនាំរឿងខ្មែរដ៍មានគុណភាពមួយនេះជូនទស្សនិកជន ។

លោកសុខសាធិត សាក់រ៉ាយុតនាយកគ្រប់គ្រងទូរទស្សន៍ភីអិនបានមានប្រសាសន៍ថាខាងទូរទស្សន៍មានទស្សនៈវិស័យដ៍វែង និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ជាមួយអ្នកជំនាញភាពយន្ត និងសិល្បករសិល្បការិនីដើម្បីជម្រុញរឿងភាគខ្មែរនៅក្នុងស្រុកឈានទៅដល់អ្វីដែលខាងទីផ្សារទទូចចង់បាន ។ រាល់ពេលគិតដល់រឿងភាគខ្មែរសូមគិតដល់ភីអិនអិនដោយសារតែយើងខ្ញុំតែងតែនៅទីនេះដើម្បីកម្ពុជា ។

គួរបញ្ជាក់ដែរថាភាពយន្តនេះមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក Berry កញ្ញា ពុធ ស្រីខួច លោកលឹម ជាឡាយ កញ្ញា សាឡាត់ ស្រីឡាង កញ្ញាចាន់ រាសី កញ្ញាឈិន ស៊ាវម៉ី លោករតនៈ ពិសិដ្ឋ លោកនូ ឧសភា កញ្ញាង៉ែត សុវណ្ណលីតា លោកទេព មនោរម្យ លោក លឹម តិចម៉ុង លោក ជា សំណាង និងតារាប្រុសស្រីជាច្រើនរូបទៀត អមដោយបទចម្រៀងយ៉ាងពិរោះដែលបកស្រាយដោយតារាចម្រៀង សៅ ឧត្តម និងកញ្ញា សុវត្ថិឌី ធារិកា ផងដែរ៕ វឌ្ឍនា


ចែករំលែក៖