ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះតែមិនបានសម្រេច កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៥ និង០០នាទី នៅចំណុចមុខហាងម៉ាស្ស៉ាសែនសុខ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ សុធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ លុន ម៉េងលីត ភេទប្រុស អាយុ២៤ឆ្នាំ ជានជាតិខ្មែរ មុខរបរសន្តិសុខយាមហាងម៉ាស្ស៉ាសែនសុខ (ចំណុចកើតហេតុងខាងលើ) ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកPCX ផលិតឆ្នាំ២០១១ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FD-5280 ប្រគល់ឲ្យជនរងគ្រោះវិញ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកសាំសុង របស់ជនសង្ស័យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះមក(យាម)នៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោង កើតហេតុ ស្រាប់តែមានជនសង្ស័យ បានដើរចូលមកក្នុងបរិវេណកន្លែងជនរងគ្រោះទុកម៉ូតូ ហើយជនសង្ស័យបានដើរមកអង្គុយលើម៉ូតូរបស់ជនរងគ្រោះ រួចយកដៃបើកកុងតាក់ម៉ូតូ និងបណ្តើម៉ូតូរថយក្រោយបានចំងាយប្រហែល១ម៉ែត្រ ជនរងគ្រោះឃើញបានហៅជនសង្ស័យហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនសាកសួរតែម្តង ។

រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖