ព័ត៌មានទាន់ហេតុការណ៍៖

មេប៉ុស្តិ៍រដ្ឋបាលជៀបដកកាំភ្លើង AK វាយបុរសម្នាក់ដួលរួចឲ្យបក្ខពួក ជាក្រុមក្មេងស្ទាវ ព្រួតគ្នាចាក់ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីបុរសរងគ្រោះត្រូវបាន មន្រ្តីប៉ូលិសម្នាក់ដែលមានតួនាទីជាមេប៉ុស្តិ៍រដ្ឋបាលជៀប និងបក្ខពួក្រុមរបស់ខ្លួនវាយប្រហាដោយយកកំាភ្លើងអាការវាយ និងចាក់ទៅលើជនរងគ្រោះ នៅក្នុងពិធីបុណ្យក្នុងភូមិ កាលពី វេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្ថិតក្នុង ភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ស៊ិន វុទ្ធី អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ាត រ៉េន អាយុ២៩ឆ្នាំ មានកូន៣នាក់ នៅ ក្នុងបន្ទុក មានមុខរបរជាអ្នកបើ កឡាន រស់នៅក្នុងភូមិទព័តាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅដើរលេងបុណ្យក្នុងភូមិ នៅចំណុចកើតហេតុ ស្រាប់ តែ មានក្មេងស្ទាវមួយក្រុម ក្នុងដៃមាន កាន់ដំបង បានព័ទ្ធគាត់ដើម្បីធ្វើសកម្មភាពវាយទៅលើរូបគាត់ ដោយឃើញមានសភាពមិនស្រួល គាត់ក៏ស្ទុះទៅយកដំបងមកកាន់ ស្រាប់តែលោកមេប៉ុស្តិ៍ឈ្មោះ ជៀម វិចិត្រ បានយកកាំភ្លើងAK មកវាយចំពីមុខ បណ្តាលឲ្យ ដួលដល់ដី ហើយក៏ត្រូវក្រុមក្មេងស្ទាវកាប់ចំក្បាល២កន្លែង និងបានចាក់ចំពោះខាងឆ្វេងធ្លាយពីម្ខាងទៅម្ខាង និង ត្រូវបានក្រុមក្មេងស្ទាវអូសយកទៅបម្រុង ចាក់បន្ថែម ត្រូវជនរងគ្រោះ ស្រែកឲ្យគេជួយ និងដឹកយកមកមណ្ឌលសុខភាព ដោយរបួសធ្ងន់ពេក បានបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់ ។

ក្រោយកើតហេតុឪពុកម្តាយជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមកអធិការនគបាលស្រុកទឹកផុស ដើម្បីរកយុត្តិធម៌ជូនដល់កូនប្រុសគាត់តែមកដល់ពេលនេះស្ងាត់ឲ្យឈឹង ។

ជុំវិញរឿងនេះអធិការនគរបាលស្រុកទឹកផុស លោក ខែម វិបុលិន នៅវេលាម៉ោង១២៖៣០នាទីថ្ងៃទី២៦ មីនា នេះ មិន អាចសុំការបំភ្លឺនៅឡើយ ខណៈទូរសព្ទ័ចូលមិនមានអ្នកលើក ។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមគ្រួសារជនរងគ្រោះបានស្នើសុំឲ្យសមត្ថកិច្ច អាជ្ញាធមខេត្តមេត្តា ជួយអន្តរាគមន៍ រកយុត្តិធម៌ជូនក្រុមគ្រួសាររបស់គាត់ផង ៕ ចន្ថា


ចែករំលែក៖