ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៤នាក់ ជាមុខសញ្ញាទើបតែចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃបង្រ្កាប ចាប់ខ្លួន និងដកហូតគ្រឿងញៀនជាច្រើនខណៈជនសង្ស័យធ្វើដណើរតាមរថយន្តមួយគ្រឿងមានលាក់ទុកគ្រឿងញៀន ។
កម្លាំងនគរបាលស្រុកម៉ាឡៃង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង៤នាក់បានធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧ និង២៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ក្រមការ អនុវត្តតាមបទបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមាន ការសម្របសម្រួលនីតិវិធីច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនបានសម្រេចនៅពេលនេះខណៈដែលកម្លាំងនគរបាលបានស្រាវជ្រាវកំណត់មុខសញ្ញាជនស្ស័យគ្រឿងញៀនទាំងនោះ ។ កម្លាំងនគរបាលក៏បានដាក់កម្លាំថពង្រាយតាមចាប់ជនសង្ស័យបានខណៈជនសង្ស័យធ្វើដំណើរតាមរថយន្តកាមរីឆ្លាម១គ្រឿង លើផ្លូវជាតិលេខ៥៩ ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការមុនដំបូងកម្លាំងនគរបាលចាប់បានជនសង្ស័យស្រ្តី៣នាក់ មានឈ្មោះ១/-. ឈ្មោះ តាំង ចន្ធូ ភេទ ស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅ សង្កាត់់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២/- ឈ្មោះ សោម ច័ន្ទចំប៉ា ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ថ្មរមាល ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ៣/- ឈ្មោះ ទេស រ៉ូស្សា ហៅ មុំ ភេទ ស្រី អាយុ២៥ ឆ្នាំ មុខរបរ រៀន សំអាងការ រស់នៅភូមិ ថ្នល់បត់ ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជាមួយ និងការបង្រ្កាបនេះសមត្ថកិច្ចយើងបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ច្រកក្នុងថង់ពណ៌ស រុំស្គុត និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣,៩៦៧ ក្នុងនោះ ថ្នាំពណ៌លឿងចំនួន៣៩គ្រាប់ និងដកហូតសម្ភារមាន ទូរស័ព្ទដៃរ ចំនួន៣ គ្រឿង ម៉ាក oppo ២គ្រឿង Nokia ១គ្រឿង ។
លោកអធិការបានបន្តថា៖ដោយយោងតាមចម្លើយសារភាពរបស់ឈ្មោះ តាំង ចាន់ធូ កម្លាំងនគរបាលស្រុកម៉ាឡៃ បន្តទៅបង្រ្កាបមុខសញ្ញាពាក់ព័ន្ធម្នាក់ទៀតឈ្មោះ កែ រិន ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យគ្រឿងញៀនប្រុស-ស្រីទាំង៤នាក់នេះ គឺធ្លាប់ជាប់ពន្ធនាគារ តែពេលចេញមកវិញមិនរាងចាលនៅតែប្រព្រឹត្តបទល្មើសគ្រឿងញៀនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕ សំ វិច្ឆិកា