ប្រជាពលរដ្ឋខេត្តសៀមរាបមើលឃើញដោយភ្នែកទទេចំពោះឈ្មួញរកស៊ីឈើដ៏ល្បីល្បាញម្នាក់ឈ្មោះ លី ណាំឈួង ដែលតែងតែដឹកឈើពីខេត្តព្រះវិហារ ចូលខេត្តសៀមរាបជាចំហររៀងរាល់ថ្ងៃ ។ ការដែលឈ្មួញម្នាក់នេះ អាចរកស៊ីដោយសេរីយ៉ាងដូច្នេះ ក៏ព្រោះតែមានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើជាខ្នងបង្អែក ។ ដូច្នេះ លោកអភិបាលខេត្ត ទៀ សីហា គួរចាត់វិធានការយ៉ាងណាចំពោះមន្ត្រីក្រោមក្លៀក ដែលប្រព្រឹត្តអំពើផ្តេសផ្តាសជាចំហរក្រោមក្រសែភ្នែកប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចជាខេត្តព្រះវិហារនោះ ។
ប្រភពព័ត៌មានបានរាយការណ៍ថា បច្ចុប្បន្ន ឈ្មួញឈើ ឈ្មោះ លី ណាំឈួង បានធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកឆែប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចូលមកក្រុងសៀមរាបជារៀងរាល់យប់ រាល់ថ្ងៃ ដោយគ្មានមន្ត្រីណា ហ៊ានក្អកនោះឡើយ ។ ប្រភពបានបន្ថែមទៀតថា សមត្ថកិច្ចនៅតាមដងផ្លូវស្អេកស្កះ ទាំងក្នុងខេត្តព្រះវិហារ ក៏ដូចជាខេត្តសៀមរាប សុទ្ធតែត្រូវថ្នាំសណ្តំឈ្មួញលី ណាំឈួង អស់ទៅហើយ ។ ពួកមេព្រៃនៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលល្បីថា ខ្លាំងក្នុងការចាប់បង្ក្រាប ឬយកលុយពីបទល្មើសព្រៃឈើនោះ ក៏ក្លាយទៅជាអ្នកសម្របសម្រួល ឬក៏អ្នកចាំមើលផ្លូវឲ្យឈ្មួញលី ណាំឈួង ដឹកឈើបានដោយរលូននោះដែរ ។ ការដែលពួកមន្ត្រីមានសមត្ថកិច្ចតាមដងផ្លូវនៅខេត្តសៀមរាប មិនហ៊ានចាត់ការឈ្មួញឈើលី ណាំឈួង នោះក៏ព្រោះតែមានបទបញ្ជាពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។
ប្រភពបានឲ្យដឹងថា ឈ្មួញ លី ណាំឈួង បានធ្វើសកម្មភាពរកស៊ីដឹកឈើនេះជាយូរមកហើយ ។ គាត់បានចែករំលែកភាគផលចំណេញពីការរកស៊ីដឹកឈើនេះឲ្យសមត្ថកិច្ចគ្រប់ជំនាញរហូតដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស នោះផងដែរ ។ គេមិនដឹងថា តើអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានទទួលលាភសក្ការពីឈ្មួញ លី ណាំឈួង ដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែសម្រាប់ប្រធានមន្ទីរកសិកម្ម ខេត្ត និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវឈ្មួញខាងលើនេះអះអាងថា បានចែករំលែករួចរាល់អស់ហើយ ។ មិនតែប៉ុណ្ណោះ ឈ្មួញលី ណាំឈួង ក៏ដើរអួតដែរថា សូម្បីតែប្រធានមេព្រៃដែលនៅភ្នំពេញ ក៏បានទទួលកញ្ចប់លាភសក្ការហើយដែរ ។ ដូច្នេះទើបគ្មាននរណាហ៊ានក្អកគ្រហែម ៕