ខេត្តកំពង់ចាម៖ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យសោកស្តាយពីករណី អគ្គិភ័យ បានឆេះផ្ទះរបស់បងប្អូនខ្មែរឥស្លាម ចំនួន០៣ គ្រួសារទៀត នៅភូមិព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ លោកស្រី ម៉ាន ណាវី តំណាងរាស្ត្រ មណ្ឌលភ្នំពេញ រួមជាមួយ លោក រ៉ហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌល ពោធិ៍សាត់ និងជាតំណាងលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត និង សមាជិក សមា ជិកា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដឹកនាំដោយលោក ណាសៀត អូស្មាន ជាប្រធានបានអញ្ជើញសាក សួរសុខទុក្ខ ដោយនាំយកអំណោយ មនុស្សធម៌មួយចំនួន មកចែកជូនដល់ដៃបងប្អូនផងដែរ ។
ព្រឹត្តិការណ៍នេះ បានធ្វើឡើង នៅថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ កំពង់ចាម ដោយ ក្នុងនោះដែរ ក៏មានបងប្អូនសាសនិកឥស្លាមរងគ្រោះដោយ សារភ្លើងឆេះផ្ទះដូចគ្នា ចំនួន ៧ គ្រួសារផ្សេងទៀត អញ្ជើញមក ទទួលអំណោយដែរ រួមមាន៤ គ្រួសារ មកពី ភូមិ មៃប៉ៃ ឃុំ ពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគីរី, ១ គ្រួសារ មកពី ខេត្តស្ទឹងត្រែង និង ១ គ្រួសារ មកពី ភូមិស្ពឺ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
អំណោយទាំងនេះបានមកពី៖. ១- មូលនិធិក្រុមហ៊ុនយូណេះទេសចរណ៍ ដែលក្នុងនោះរួមមាន អង្ករ ៥០គីឡូក្រាម ប្រេងឆា ១០លីត្រ ត្រីខកំប៉ុង ១កេស ស្មើនឹង ៤៥កំប៉ុង ស្ករស ១០គីទ្បូក្រាម មី ៣កេស ទឹកត្រី ៦ដប ទឹកសីអ៊ីវ ៦ដប ទឹកសេរ៉ូ ១២ដប ទឹកដោះគោ ១០កំប៉ុង តែ ១កញ្ចប់ធំ កាហ្វេ ១កញ្ចប់ធំ និង ថវិកា ៦០ម៉ឺនរៀល ។ ២-សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) ថ្នាក់កណ្តាល ឧបត្ថម្ភ២០ម៉ឺនរៀល សម្រាប់ ៣ខ្នងផ្ទះដែលឆេះ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៣- អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៦០ម៉ឺនរៀល ក្នុងមួយគ្រួសារ សម្រាប់ ៣ ខ្នងផ្ទះដែលឆេះនៅភូមិព្រែកបាក់ និង ១០ម៉ឺនរៀលក្នុងមួុយគ្រួុសារ សម្រាប់ ៧ គ្រួសារផ្សេងទៀត ។ ៤- សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA)សាខាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមឧបត្ថម្ភ ២១ម៉ឺនរៀលបន្ថែមទៀត សម្រាបល ៣ខ្នងផ្ទះ ដែលឆេះនៅភូមិព្រែកបាក់ ។
សរុបប្រាក់ឧបត្ថម្ភ ៣ខ្នងផ្ទះដែលឆេះនៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមទទួលបាន ១,៦១០,០០០រៀលក្នុងមួយខ្នងផ្ទះ រីឯ៧គ្រួសារផ្សេងទៀតទទួលបាន ៧០០,០០០រៀលក្នុងមួយគ្រួសារ ។ ដោយឡែក ២ខ្នងផ្ទះដែលរងផលប៉ះពាល់តិចតួចពីអគ្គិភ័យនេះ ក៏ទទួលបានអំណោយ និង ប្រាក់ឧបត្ថម្ភពីមូលនិធិក្រុមហ៊ុនយូណេះទេសចរណ៍ផងដែរ ។
លោក រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ក្នុងនាមថ្នាក់នាំ សូមចូលរួមសោក ស្តាយ និងចូលរួមរំលែកទុក្ខដ៏មហាធំនេះ ។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូន ហើយក៏បានចាត់ឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួប សាក សួរសុខទុក្ខ និងរិះរកមធ្យោបាយដើម្បីជួយដោះបន្ទុកជូនបងប្អូន ។ ជាចុងបញ្ចប់ឯកឧត្តមតំណាងរាស្រ្តក៏បានលើកទឹកចិត្តដល់បងប្អូន ត្រូវតែតាំងចិត្តឲ្យរឹងមាំដើម្បីបន្តក៏សាងជីវិតទៅខាងមុខដ៏វែងឆ្ងាយទៀត ហើយសូមប្រុងប្រយ័ត្នឲ្យមែនទែនចំពោះគ្រោះថ្នាក់ដ៏ខ្លោចផ្សានេះ៕ សំរិត