ព័ត៌មានទាន់ហេតុការណ៍៖

លុយមិនតិចទេលោកអើយ! ម្តាយខំទុកចិត្តកូនស្រីពៅ យកលុយ១៧ម៉ឺនដុល្លារទៅផ្ញើ បែរជាកូនស្រីពៅយកលុយនោះទៅទិញផ្ទះ រថយន្ត ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួចនិយាយថាទៅប្តឹងអ្នកណាប្តឹងទៅ

ចែករំលែក៖

ភ្នំពេញ៖ អ៊ំស្រីម្នាក់ ឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ដោយសារតែរូបគាត់ខំទុកចិត្តកូនស្រីពៅ ហើយបានយកលុយចំនួន១៧ម៉ឺនដុល្លារទៅផ្ញើទុកគ្រាន់ពេលចាស់ទៅយកលុយនោះមកមើលថែជំងឺរបស់គាត់ ប៉ុន្តែអ្វីដែលគាត់រំពឹងទុកនោះ បែរជារលាយគ្មានសល់ទៅវិញ បន្ទាប់ពីគាត់បានលក់ផ្ទះបានលុយចំនួន២៧ម៉ឺនដុល្លារ រួចក៏ចែកកូនចៅមួយចំនួន ព្រោះតែមិនហ៊ានយកទៅទុកនៅក្នុងធនាគារ តែបែរជាកូនស្រីពៅ យកលុយម្តាយផ្ញើទុកនោះ ទៅរស់នៅជាមួយប្ដី និងយកទៅទិញផ្ទះ រថយន្តថ្មី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ខណៈដែលស្រ្តីជាម្តាយឈឺ ក៏ទៅយកលុយផ្ញើទុកនៅកូនស្រីនោះមកវិញ ដើម្បីព្យាបាលជំងឺ បែរជាកូនស្រីប្រាប់ថា គ្មានលុយទេ ហើយទៅប្តឹងអ្នកណាប្តឹងទៅ ។

យោងតាមសម្តីស្រ្តីរងគ្រោះជាម្តាយមានឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រីច្បង នៅអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៍មានក្នុងស្រុកនៅយប់ថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ថា បច្ចុប្បន្នគាត់មានកូនស្រី២នាក់ ម្នាក់មានអាយុ៥១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុខ ណន អាយុជាង៤០ឆ្នាំ ជាកូនស្រីពៅដែលឆបោកលុយរបស់គាត់ផងដែរ ។ ដោយកាលពីជាង២ឆ្នាំមុន (គាត់មិនចាំថ្ងៃខែច្បាស់) រូបគាត់ត្រូវបានកូនស្រីពៅ ល្បួងឲ្យលក់ផ្ទះរបស់គាត់ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានលុយចំនួន២៧ម៉ឺនដុល្លារអាមេរិក ។ បន្ទាប់មក រូបគាត់ក៏បានចែកឲ្យកូនស្រីច្បងចំនួន៣ម៉ឺនដុល្លារ និងទិញគ្រឿងអលង្ការ ឲ្យកូនចៅអស់ប្រហែល១ម៉ឺនដុល្លារទៀត ព្រមទាំងធ្វើបុណ្យទានជាង១ឆ្នាំ អស់លុយមួយចំនួនទៀតផងដែរ ហើយកូនស្រីពៅដែលឆបោកលុយរបស់គាត់នោះឈ្មោះ សុខ ណន អាយុជាង៤០ឆ្នាំ ដោយគាត់បានយកលុយចំនួន១៧ម៉ឺនដុល្លារ ទៅផ្ញើទុកសម្រាប់ពេលចាស់ជរាទៅកូនស្រីពៅក៏បានសន្យាថា និងមើលថែរូបគាត់ផងដែរ ។

ក្រោយពីកូនស្រីពៅឈ្មោះ សុខ ណន នោះមិនបានយកលុយទៅរក្សាទុកតាមសន្យាគាត់នោះទេ ក៏បានយកលុយនោះទៅទិញផ្ទះ ; រថយន្ត និងម៉ូតូធ្វើជារបស់ផ្ទាល់ខ្លួន ហើយទុកឲ្យម្ដាយរស់នៅផ្ទះតែម្នាក់ឯង ទាំងមិនបានមើលថែទៀត ទើបធ្វើឲ្យគាត់រស់នៅទាំងលំបាកវេទនា ទើបគាត់រត់មករកកូនស្រីច្បងឲ្យជួយដោះស្រាយ និងសុំលុយខ្លះៗមកមើលជំងឺគាត់ តែបែរជាកូនស្រីពៅ បោះសម្ដីមិនសមរម្ប និងថាឲ្យម្ដាយព្រមទាំងបងស្រីទៅប្ដឹងអី ប្ដឹងទៅគេគ្មានលុយឲ្យទេ ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះជាម្តាយបន្ទាប់ពីកូនស្រីពៅឈ្មោះ សុខ ណន មិនព្រមឲ្យលុយដែលគាត់ផ្ញើទុកនោះ រហូតផ្អើលដល់ក្រុមអ្នកសារព័ត៌មាន នាំគ្នាចុះទៅយកព័ត៍មានដើម្បីផ្សព្វផ្សាយសមត្ថកិច្ចជំនាញជួយស្វែងរកយុត្តិធម៍ជូនគាត់ ជាពិសេសសម្ដេចតេជោ លោកជួយរកយុត្តិធម៌ដល់រូបគាត់ផងដែរ ទោះបីមិនបានលុយទាំងអស់ត្រឡប់មកវិញ ក៏សង្ឃឹមថាបានលុយខ្លះយកមកទុកសម្រាប់មើលជំងឺគាត់ក៏អស់ចិត្តដែរ ៕​ ​ស រស្មី


ចែករំលែក៖