ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋអតិថិជន ផ្ទុះការតវ៉ាជាថ្មីទៀតហើយ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមហ៊ុន សេង ហួត ទិញ លក់ បង់រំលោះ រថយន្តដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧២ ក្រុម២ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បោកប្រាស់ប្រជាពលរដ្ឋរាប់រយនាក់ វេចលុយវាល់លានដុល្លារ ហើយគេចខ្លួន ។
ក្រុមហ៊ុន សេង ហួត បង់រំលោះរថយន្តខាងលើមាន ឈ្មោះសេង សុភគ៌ ជានាយកក្រុមហ៊ុន មានទីលំនៅផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានវេចលុយរត់គេចខ្លួន ។
តាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុន សេង ហួត លេងល្បិចប្រើស្នៀតឆបោកលុយ ពីប្រជាពលរដ្ឋអតិថិជនរាប់រយនាក់ ក្នុងរូបភាព ទិញ លក់ ជួល បង់រំលោះ រថយន្តគ្រប់ប្រភេទ ម្នាក់ៗ ថ្ងូរស្រែកទ្រហ៊ោយំអស់រាប់ពាន់ដុល្លារ ជាប្រាក់កក់ ក្នុងការបង់រំលោះរថយន្តទៅតាមស៊េរី តែធាតុពិត កុំថាឡើយសំបកតួឡាន សូម្បីតែកង់ឡានមួយគ្រាប់ ក៏មិនបានផង ។
រាល់ថ្ងៃទៅហើយ ដែលពលរដ្ឋរងគ្រោះទៅតវ៉ាទាមទារលុយវិញ តែក្រុមហ៊ុនយកលេសដោះសារថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ពីមួយថ្ងៃទៅមួយថ្ងៃ លុយក៏អស់ ឡានក៏អត់ ហើយនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះផងដែរ ពលរដ្ឋរងគ្រោះរាប់រយនាក់ ដែលចាញ់បោកក្រុមហ៊ុនខាងលើ លើកគ្នាទៅតវ៉ាសុំឲ្យអាជ្ញាធរជួយរកយុត្តិធម៌ ។
តាមប្រជាពលរដ្ឋរងគ្រោះលើកឡើងក្នុងរូបភាពឆបោករបស់ក្រុមហ៊ុន សេង ហួត ដែលមានបុរសម្នាក់ឈ្មោះ សេង សុភគ៌ ជានាយកក្រុមហ៊ុនបោកប្រាស់ពលរដ្ឋខ្លួន បង់លុយ១ពាន់ដុល្លារទៅ៥ពាន់ដុល្លារតាមប្រភេទស៊េរីរថយន្ត កក់ទុកមុន រង់ចាំឡានមកដល់ ក្រុមហ៊ុនប្រាប់ឲ្យមកយកជាក្រោយ តែធាតុពិតគ្មានទេ រថយន្តនោះ បានលុយមានទាំងឯកសារលាយល័ក្ខណ៍អក្សរហើយ ឲ្យរង់ចាំពេលនេះ ពេលនោះ ហួសកំណត់ ទារលុយវិញ ក៏ក្រុមហ៊ុនមួយនេះមិនឲ្យ អ្នកខ្លះជេរប្រទិច ដាក់បណ្តាសារ ទៅបានលុយខ្លះមកវិញ ពលរដ្ឋខ្លះអស់លុយដល់ទៅ៥ពាន់ ១ម៉ឺនដុល្លារ ហើយទារវិញ អត់បាន ឯកសារម្នាក់ៗកាន់ពេញដៃ ជាភស្តុតាង ។
ពលរដ្ឋបន្តទៀតថា ពាក្យបណ្តឹងទៅសមត្ថកិច្ច ទៅអាជ្ញាធរច្រើនណាស់ទៅហើយ តែគ្មានដំណោះស្រាយអូសបន្លាយពេលវេលាពីមួយថ្ងៃ ទៅមួយថ្ងៃរហូតមកដល់រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ពលរដ្ឋជាច្រើននាក់ ប្រមូលផ្តុំគ្នាទៅទទូចស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ ។
តាមពលរដ្ឋរងគ្រោះគិតត្រួសៗឃើញថា រថយន្តដែលក្រុមហ៊ុន សេង ហួត យកមកវបង្វិលជុំប្រគល់ និងដកហូតឲ្យអតិថិជនវិលជុំពីម្នាក់ទៅម្នាក់ចំនួន១៤៣គ្រឿង គិតជាលុយឆបោករាប់លានដុល្លារ ៕ សុខាសែនជ័យ