ខេត្តកំពង់ឆ្នាំង៖ ទូកបាឡាស្មាច់១គ្រឿង និងសាច់អួននៅលើទូកត្រូវបានឆេះស្ទើរទាំងស្រុង បន្ទាប់ពីមានជនមិនស្គាល់មុខ បានលួចចួលទៅដុតកម្ទេច ខណៈដែលម្ចាស់ទូកបានទុកចោលនៅមាត់ច្រាំង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០ នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបឹងអភិរក្សឆ្អឹងដំរី ស្ថិតក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ទូកស្មាច់ និង សាច់អួន គឺជារបស់ ឈ្មោះ ចិន ជាជនជាតិ វៀតណាម រស់នៅក្នុង ភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ។ ម្ចាស់ទូកនេះ តែងតែធ្វើសកម្មភាព អូសអួន នៅចំណុច បឹងអភិរក្ស ឆ្អឹងដំរី ជារៀងរាល់យប់ដោយពុំមានសមត្ថកិច្ចណាម្នាក់ធ្វើដឹង ធ្វើលឺនោះទេ ហើយរាល់ពេលធ្វើសកម្មភាព គឺបានធ្វើឲ្យខូចខាតឧបករណ៍នេសាទលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនៅទីនោះ ដូចជាធ្វើឲ្យដាច់មងសន្ទូច ។ បើទោះបីប្រជាពលរដ្ឋបានប្រាប់យ៉ាងណាក៏ដោយតែម្ចាស់ទូកនៅតែធ្វើមិនដឹងមិនឮ រហូតដល់ថ្ងៃកើតហេតុ គេក៏ឃើញទូកស្មាច់នេះឆេះ ប៉ុន្តែគេមិនដឹងថា អ្នកណាម្នាក់មកលួចដុតនោះទេ ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថា ករណីលួចដុតទូកស្មាច់នេះ ប្រហែលជាប្រជាពលរដ្ឋនៅទីនោះ ដែលរងការខូចខាតនូវឧបករណ៍នេសាទរបស់គាត់ គេខឹងនឹងទង្វើរបស់ម្ចាស់ទូក ទើបបានជាគេលួចដុតទូកស្មាច់ ។
ពាក់ព័ន្ធនឹងករណីនេះ លោកអ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកពុំទាន់បានទទួលព័ត៌មាននេះនៅឡើយទេ បើសិនជាមានព័ត៌មានច្បាស់ លោកនឹងជម្រាបជូន ៕ ចន្ថា