ភ្នំពេញ៖ ផលិតកម្ម LD Picture បានប្រកាសត្រៀមបញ្ចេញភាពយន្តខ្នាតធំ បែបកំប្លែងថ្មីប្រចាំឆ្នាំរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ គឺរឿង ជួបស៊យ វគ្គ២ ។ ស្នាដៃនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យកកក្រើកទីផ្សារភាពយន្តជាថ្មី ក្រោយពីភាពយន្តវគ្គ១ធ្លាប់ទទួលបានការគាំទ្រច្រើនលើសលប់កាលពីអំឡុង២ឆ្នាំមុននោះ ។
ដើមឆ្នាំ២០១៩នេះ ផលិតកម្ម LD Picture បានបញ្ចេញស្នាដៃថ្មីៗរបស់ខ្លួនបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនមិនចាញ់ភាពយន្តរបស់ខ្លួនកន្លងទៅទេ ។ ជួបស៊យ វគ្គ២ដែលជាស្នាដៃដឹកនាំសម្តែងជាថ្មីរបស់នាងគ្រឿននេះក៏នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៩នេះផងដែរ ដែលទាំងសិល្បករ និងផលិតកររំពឹងខ្ពស់ថាជាភាពយន្តនេះនឹងអាចធ្វើឲ្យអ្នកទស្សនាសើចពេញរោងភាពយន្តជាថ្មី ។
ក្រៅពីការប្រកាសបន្ថែមទុន គុណភាពនៃការផលិតក៏កាន់តែខ្ពស់ជាងរឿងវគ្គមុន ស្របពេលដែលតួសម្តែងត្រូវបានគេដឹងដែរថាសុទ្ធសឹងជាតារាសម្តែង តារាកំប្លែងល្បីឈ្មោះនៅកម្ពុជាដូចជានាយគ្រឿន Dj កាកា លោក ងួន សុបិន្ត កញ្ញា គាត សុវណ្ណាឡាង លោក ទេព រិន្ទដារ៉ូ អ្នកនាង ប៉ែន សុផានី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតផងដែរ ។
គួរបញ្ជាក់ដែរថា ចាប់ពីដើមឆ្នាំ២០១៩មក ផលិតកម្មLD Picture បានបញ្ចេញស្នាដៃថ្មីចំនួន៣រឿងរួចមកហើយដែលទទួលបានការគាំទ្រច្រើន ពីអ្នកទស្សនា មានដូចជារឿង អង្រឹង រឿង លោកប្តី និងរឿង ឯណាខ្មោច ៕ វឌ្ឍនា