ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ អំពាវនាវឲ្យប្រជាពលរដ្ឋចេះស្រឡាញ់សត្វព្រៃ និងចូលរួមថែរក្សាការពារទាំងអស់គ្នា !

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រធានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះអំពាវនាវឲ្យប្រជាពលរដ្ឋចេះស្រឡាញ់សត្វ ព្រៃ និងចូលរួមថែរក្សាការពារទាំងអស់គ្នា ព្រោះថា បច្ចុប្បន្នមានសត្វព្រៃមួយចំនួនប្រឈមនឹងការផុតពូជ ។

លោក Michael Meyerhoff ប្រធានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមាន សត្វព្រៃ ជីវៈចម្រុះ យ៉ាងច្រើនសម្បូបែប ប៉ុន្តែសត្វព្រៃ ជីវៈ ចម្រុះទាំងនោះ មានមួយចំនួន បានកំពុងប្រឈមមុខ និងការបាត់បង់ ការគំរាមកំហែង ដល់ជីវិត ។

ក្នុងនោះសត្វព្រៃជាច្រើនប្រភេទ ដែលទាមទារឲ្យមានការ យកចិត្តទុកដាក់ ក្នុងការថែរក្សា និងអភិរក្សផងដែរ ហើយដើម្បីចូលរួមការពារ អភិរក្ស និងជួយសង្គ្រោះ សត្វព្រៃ និងជីវៈចម្រុះដ៏សម្បូបែបនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបង្កើតឡើងតាំងពីអំឡុង ឆ្នាំ២០០៣មក ។

នៅក្នុងរយៈពេល១៥ឆ្នាំមកនេះ មជ្ឈមណ្ឌលបានធ្វើការងារដ៏លំបាកជាច្រើន សម្រាប់កិច្ចការពារបរិស្ថាន និងអភិរក្សសត្វព្រៃជា ច្រើនប្រភេទ នៅប្រទេសកម្ពុជា ។

លោកបានបន្តថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ជាអក្សរកាត់ជាភាសារអង់គ្លេសថា ACCB ដែលមានទីតាំងនៅក្បាលស្ពាន ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងទទួលរក្សា អភិរក្ស ព្យាបាល និងបីបាច់ចិញ្ចឹមសត្វព្រៃ ចំនួនជាង ៦៣០ក្បាល ដែល មានប្រមាណជិត ៤០អំបូរ ហើយសត្វទាំងនេះ មានមួយចំនួនបានមកពីប្រជាពលរដ្ឋដែលពួកគាត់ចាប់បានយកមកប្រគល់ឲ្យមជ្ឈមណ្ឌល និងមួយចំនួនទៀត ទទួលបាន ពី សមត្ថកិច្ចចាប់បានពីក្រុមឈ្មួញរកស៊ីខុសច្បាប់ ។

មជ្ឈមណ្ឌល មានការថែរក្សាបញ្ហាសុខភាពយ៉ាង យកចិត្តទុកដាក់ ដោយនៅក្នុងមជ្ឈមណ្ឌលនេះមាន ពេទ្យសត្វ មានជំនាញច្បាស់លាស់សម្រាប់ការព្យាបា ល ក្រោយពីការព្យាបាលសត្វឲ្យមានសុខភាព ល្អវិញហើយនោះ ពេលខ្លះមជ្ឈមណ្ឌល ក៏បានព្រលែងសត្វព្រៃទាំងនោះ ឲ្យត្រឡប់ទៅរស់នៅក្នុងព្រៃធម្ម ជាតិវិញក៏ធ្លាប់មាន ដែលធ្វើឲ្យចំនួនសត្វព្រៃ នៅទី នេះមិនសូវមានចំនួន ទៀងទាត់នោះទេ ។

លោកបានបញ្ជាក់ថា ក្រៅពីការព្យាបាលសត្វឲ្យមានសុខភាពល្អ មជ្ឈមណ្ឌលអង្គរ ក៏បានអភិរក្សជីវៈចម្រុះ និងបានធ្វើការបង្កាត់ពូជសត្វ ដើម្បីឲ្យមានចំនួនកើន ឡើងច្រើន និងយកទៅប្រលែងនៅក្នុងព្រៃធម្មជាតិ វិញ ព្រមជាមួយការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យចូលរួមការពារ និងស្រឡាញ់សត្វព្រៃទាំងអស់គ្នា ។ បច្ចុប្បន្ននេះ មិនថានៅប្រទេសកម្ពុជា ឬនៅក្នុងតំបន់អាស៊ីទេ គឺត្រូវការកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការអភិរក្សសត្វព្រៃ ។

សម្រាប់មជ្ឈមណ្ឌលអង្គរ លើការអភិរក្សជីវៈចម្រុះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយបានសហការជាមួយ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស មន្ត្រីរដ្ឋាភិបាលក្នុងការអនុវត្តន៍នូវកម្មវិធី អភិរក្សសត្វព្រៃគ្រប់ប្រភេទ ។ លោក Michael Meyerhoff បានលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជាគ្រប់រូប គួរតែមានមោទនភាព ចំពោះភាពសម្បូបែបនៃធម្មជាតិ និងសត្វព្រៃ នៅក្នុងប្រ ទេសកម្ពុជា ហើយលោកអំពាវនាវឲ្យពលរដ្ឋកម្ពុជា ទាំងអស់ចេះស្រឡាញ់សត្វព្រៃទាំងនេះ ។

លោកបានបន្តថា ការថែរក្សាព្រៃឈើ និងការពារសត្វឲ្យមានភាពសម្បូរបែប គឺជាកត្តាយ៉ាងសំខាន់ទាំងផ្នែកបរិស្ថានផង និងទាក់ទាញភ្ញៀវទេសចរឲ្យមក ទស្សនា បានផ្តល់ប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវចូលរួមដោះលែង និងថែរក្សាសត្វទាំង នោះឲ្យរស់នៅក្នុងព្រៃ និងសូមបញ្ឈប់ការចាប់សត្វ ព្រៃមកជួញដូរខុសច្បាប់ ព្រមទាំងបញ្ឈប់ការ សម្លាប់ សត្វព្រៃគ្រប់ប្រភេទ ៕ ប៊ុនរិទ្ធី


ចែករំលែក៖