ខេត្តកណ្តាល៖ ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្ត នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះថា ថៅកែឈើប្រចាំស្រុកពារាំង ខេត្តព្រៃវែង ដែលកម្លាំងកងរាជអាវុធហត្ថស្រុកពារាំងឃាត់ខ្លួន រួចប្រគល់ឲ្យកម្លាំងអាវុធហត្ថខេត្តកណ្តាល នៅម៉ោង៨ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ដោយអនុវត្តតាមដីកា បង្គាប់ឲ្យចូលខ្លួន លេខ ០០៣ អ.យ /១៩ របស់លោក សូ សុវិទ្យា តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល គឺមានភាពរឹងទទឹង មិនព្រមចូលមកបំភ្លឺ ឬបង្ហាញខ្លួន តាមការកំណត់តាមដីកាកោះ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល រហូតដល់ទៅ២លើក ហើយកំពុងមានអ្នករត់ការឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយអ្នករត់ការនោះគេសង្សយ័ថា ជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងពន្ធនាគារខេត្តកណ្តាលផងដែរ ។
ជនជាប់ចោទមានឈ្មោះ ហឿន ហាន (ហៅគុយ ហាន) ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរថៅកែឈើ និងមានទីលំនៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានលោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប្រមូលផល និងដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត្តពីរដ្ឋបាលព្រៃឈើ” ប្រព្រឹត្តនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ តាមមាត្រា៩៦ នឹងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ ។
ប្រភពពីមន្ត្រីតុលាការបានឲ្យដឹងថា ទោះបីជាមានអ្នករត់ការមានឥទ្ធិពលឲ្យជនជាប់ចោទនៅក្រៅឃុំ ក៏ដោយ ក៏តុលាការមិនសម្រេចឲ្យនៅក្រៅឃុំដែរ ដោយជនជាប់ចោទនោះមានរឿងច្រើនទៀតដែលត្រូវអនុវត្តច្បាប់បន្តរទៀត ។
សូមរំលឹកថា៖លោក គុយ ហាន កន្លងមកតែងតែដឹកឈើ ពីខេត្តកំពង់ធំ ដើម្បីមកដាក់លក់នៅដេប៉ូខ្លួនឯងនៅស្រុកពារាំង ដោយបើករថយន្តតាមផ្លូវជាតិលេខ៦ បត់មកផ្លូវជាតិលេខ៨ ។ ជាមួយគ្នានោះ លោកធ្លាប់ប្រាប់ថា រាល់ការដឹកជញ្ជូនឈើទាំងនោះ គឺលោកបានបង់លុយឲ្យសមត្ថកិច្ច តាមដងផ្លូវរហូត ជាពិសេសគឺសមត្ថកិច្ច មេព្រៃខេត្តកណ្ដាល និងស្រុកមុខកំពូល ។
លុះដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានដឹកឈើប្រភេទ គ្រឿងផ្ទះ១ឡានចំណុះ៥តោន ពីខេត្តកំពង់ធំ មកចូលដេប៉ូខ្លួនទៀត ។ ពេលដឹកមកដល់ ចំណុចភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅម៉ោង៧យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវបាននាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកមុខកំពូល ស្ទាក់ចាប់រថយន្តរបស់លោក ដោយពេលនោះមានព្រះរាជអាជ្ញារងម្នាក់ ជាមួយមេព្រៃ និងប៉េអឹម ហើយក៏បានប៉ះទង្គិចពាក្យសម្ដី គ្នារវាងលោក និងព្រះរាជអាជ្ញារង ។
ពោលគឺលោក គុយ ហាន បាននិយាយទៅកាន់ព្រះរាជអាជ្ញារងថា៖ ខ្ញុំបង់លុយឲ្យមេព្រៃ រាល់លើកគឺក្នុង១ឡាន អស់៧០ម៉ឺនរៀល សម្រាប់១ជើងឆ្លងកាត់ខេត្តកណ្ដាល ហេតុអីនៅតែចាប់ឡានខ្ញុំទៀត? ។ ក្នុងនោះ ព្រះរាជអាជ្ញារង មិនព្រមឲ្យឡានឈើទៅមុខទេ ទើបលោក គុយ ហាន បញ្ជាតៃកុងឲ្យព្យាយាមបើករត់រហូត ប៉ុន្តែមេព្រៃតាមស្ទាក់ជាប់ដដែល ។ ភ្លាមនោះលោក ព្រះរាជអាជ្ញារង បានបញ្ជាឲ្យមន្ត្រីអាវុធហត្ថឃាត់ខ្លួនលោក គុយ ហាន បណ្ដាលឲ្យលោក គុយ ហាន រត់ឡើងរថយន្តតូច របស់ខ្លួនបើកគេចមកផ្ទះបាត់ទៅ ។ រីឯរថយន្ត និងឈើរបស់លោក ត្រូវបាន មេព្រៃស្រុកមុខកំពូល យកទៅរក្សាទុក និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។
លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងបានបញ្ជាក់ថា៖ ពាក់ពន្ធ័ និងរឿងរ៉ាងខាងលើ នោះលោកបានទទួលដំណឹងពីខាងរដ្ឋបាលព្រៃឈើស្រុកមុខកំពូលថា កម្លាំងរដ្ឋបាលព្រៃឈើបានឃាត់រថយន្តដឹកឈើសង្សយ័ខុសច្បាប់ដោយឆ្លងយោបល់ និងសុំនិតិវិធីដើម្បីឃាត់ខ្លួន ស្រាប់តែថៅកែឈើនោះបានប៉ះទង្គិចពាក្យសម្តីគ្នាជាមួយខាងរដ្ឋបាលព្រៃឈើ ទើបលោកបើកឡានចេញពីផ្ទះចុះទៅទីតាំងនោះផ្ទាល់ ដើម្បីទៅសម្របសម្រួល បែរជាថៅកែឈើនោះបានចេញកំហឹងមកលើគាត់ ហើយបានបញ្ជាកូនចៅពួកគេ ឲ្យបើកឡានដេញគាត់ពីកន្លែងកើតហេតុ រហូតដល់ស្ពានព្រែកតាម៉ាក់ ធ្វើឲ្យលោកភិតភ័យ គ្មានអ្វីតបត ក៏សម្រេចចិត្តបើករថយន្តបន្តមកផ្ទះវិញតែម្តង ៕ ឆ ដា