ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ដាក់បញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិដាក់ពង្រាយកម្លាំងចរាចរណ៍គ្រប់ផ្លូវសំខាន់ៗនៅថ្ងៃចូលឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពង្រាយកម្លាំងនគរបាលសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៅលើដងផ្លូវដងផ្លូវសំខាន់តាមបណ្តាខេត្ត នាឱកាសថ្ងៃឆ្នាំខាងមុខនេះ ដែលបានប្រគល់ភារកិច្ចនេះឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទិ្ធ ជាអគ្គស្នងការរងនគរបាលជាតិ ជាអ្នកដឹកនាំអនុវត្តការងារនេះ។

នេះគឺជាប្រសាសន៍លើកឡើង ក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ត្រួតពិនិត្យលទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ថា ការដាក់ពង្រាយកម្លាំងចរាចរណ៍នេះគឺសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យចូលឆ្នាំ ព្រោះថាយើងសង្កេតឃើញថារាល់មានបុណ្យទានម្តងៗករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលមនុស្សស្លាប់ នេះជាការព្រួយបារម្មណ៍ ហើយបើកាលណាប្រជាពលរដ្ឋគាត់ជួបគ្រោះថ្នាក់ចរាចរណ៍គាត់លែងសប្បាយហើយ តែការអនុវត្តច្បាប់ចរាចរណ៍នេះគប្បីកុំឆ្លៀតឱកាសរកស៊ីរកលុយកាក់ឲ្យសោះ។ បើធ្វើ បែបនេះប្រជាពលរដ្ឋជេរយើងគឺអត់ខុសទេ ហើយកុំអាចឲ្យក្លាយជាកុងត្រូលជជុះផងដែរ។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោមក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់ជាអ្នក ប្រើប្រាស់ផ្លូវសាធារណៈចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងនោះត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត សុវតិ្ថភាពសង្គម និងទ្រព្យសម្បតិ្តគ្រប់ក្រុមគ្រួសារ។ ការអនុវត្តច្បាប់ចរាចរណ៍ បើពឹងតែលើសមត្ថកិច្ចគឺមិនគ្រប់គ្រាន់នោះទេ ចាំបាច់ត្រូវចូលរួមគាំទ្រ ទាំងអស់គ្នា។

ដោយឡែកសម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងពាក់ព័ន្ធនិងក្រុមហ៊ុនដឹកជញ្ជូនធំ ជាពិសេសអ្នកបើកបររថយន្តធំ ដែលសម្តេចទទួលបាននូវព័ត៌មានថា អ្នកបើកបររថយន្តដឹកជញ្ជូនធំនេះប្រើប្រាស់គ្រឿងញៀន។ សម្តេចក៏បានដាក់បញ្ជាបញ្ហានេះឲ្យឯកឧត្តម ម៉ក ជីតូ ត្រូវជជែកគ្នាឲ្យបានជាក់លាក់ជាមួយក្រសួងសាធារណៈការដឹកជញ្ជូន ដើម្បីសហការចុះត្រួត ពិនិត្យក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរបញ្ហាប្រើប្រាស់គ្រឿងញៀន។ ក្នុងនោះសម្តេចក៏បានឲ្យខាងឆៀករថយន្តដឹកជញ្ជូនក៏ត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន និងការចេញបណ្ណបើកបរឲ្យអ្នកបើកបរក៏ត្រូវពិនិត្យទឹកនោម បើមានគ្រឿងញៀនដាច់ខាតមិនចេញបណ្ណបើកបរឲ្យឡើយ៕ តាឡឹម


ចែករំលែក៖