ព័ត៌មានទាន់ហេតុការណ៍៖

នោះវីវរហើយ ខណៈក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីចោទប្រកាន់ពីបទឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង

ចែករំលែក៖

ភ្នំពេញ៖ ដល់ដំណាក់ការកំណែទម្រង់ប្រព័ន្ធយុត្តិធម៍មានប្រសិទ្ធភាពបណ្តើរហើយ ជាក់ស្តែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះក្រសួងយុត្តិធម៌ បានសម្រេចចេញលិខិតផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ។ នេះបើយោងតាមលិខិតរបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ​

នៅក្នុងលិខិតរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ «ក្រសួងយុត្តិធម៌បានទទួលនូវលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជូនដំណឹងស្តីអំពីការចោទប្រកាន់លើឈ្មោះ ជា សុវណ្ណថេត ព្រះរាជអាជ្ញារងពីបទផ្តើមគំនិតក្នុងអំពើកាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ប្រពឹត្តនៅចំណុចបឹងអាត្រាព្រួល ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ នៃច្បាប់ស្តីពីជលផល» ។

ពាក់ព័ន្ធករណីបែបនេះ គឺមានប្រភពពីអាជ្ញាធរក្នុងខេត្តកំពង់ធំបានឱ្យដឹងផងដែរថា ៖ ដីព្រៃលិចទឹក និងដីជម្រកត្រីពងកូនខាងលើនេះ ត្រូវបានគេបំផុសឱ្យមានចលនាចុះទៅឈូសឆាយកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះ ។ ដីនោះដែលគេឈូសឆាយរំលោភយកនោះមានទំហំប្រមាណជា ១០ហិកតា ។

បច្ចុប្បន្នមានប្រជាពលរដ្ឋ និងត្រាក់ទ័រមួយចំនួនត្រូវបានអាជ្ញាធរចុះទៅចាប់ខ្លួន និងរឹបអូសយកត្រាក់ទ័រយកមករក្សាទុក ។

សូមបញ្ជាក់ថា ចលនាឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក និងដីត្រីពងកូននៅជុំវិញតំបន់បឹងទន្លេសាបកំពុងមានសកម្មភាពផុលផុសខ្លាំង ។ បើតាមប្រភពពីមន្ត្រីជលផលមិនត្រឹមតែនៅក្នុងខេត្តកំពង់ធំនោះទេ នៅក្នុងខេត្តសៀមរាប នៅខេត្តកំពង់ឆ្នាំង ក៏កំពុងមានសកម្មភាពឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក និងដីព្រៃត្រីពងកូននេះយ៉ាងផុលផុសផងដែរ ។

ប្រភពខ្លះអះអាងថា ការរុករានទន្ទ្រានដីព្រៃលិចទឹកទាំងនោះ មានការចូលរួមពីមន្ត្រីមានអំណាចនៅថ្នាក់ក្រសួង និងនៅតាមបណ្តាខេត្តថែមទៀតផង ។

មន្ត្រីជលផលបានទទូចសុំឱ្យអាជ្ញាធរនៅតាមខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងក្រសួងពាក់ព័ន្ធជួយទប់ស្កាត់សកម្មភាពទន្ទ្រានយកដីព្រៃលិចទឹក និងជម្រកត្រីពងកូនទាំងនេះ ។ បើមិនដូច្នោះទេ សកម្មភាពនឹងនាំឱ្យបាត់បង់ដីព្រៃលិចទឹក និងជម្រកត្រីពងកូនរបស់មច្ឆជាតិក្នុងរដូវវស្សាជាក់ជាមិនខាន ។

ប្រជាជននិងមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត កងដូចជាកងកម្លាំង ជំនាញ បានសំដែងនូវការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងយុត្តិធម៍ សម្រេចផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីចោទប្រកាន់ពីបទឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ។ ជាមេរៀនដល់អ្នកឯទៀតជៀសអោយឆ្ងាយនិងអំពើល្មើសច្បាប់ ពិសេសអ្នកច្បាប់បានប្រព្រឹត្តបំពានច្បាប់គឺបង្កើនទំងន់នៃបទល្មើស៕ សិលា


ចែករំលែក៖