ភ្នំពេញ ៖ លោកចៅសង្កាត់គោករកា រងរបួសធ្ងន់ធ្ងរ ខណៈបើករថយន្តចេញពីប្រជុំគោលបំណងត្រឡប់ទៅផ្ទះ ជាអកុសលពេលត្រឡប់មកដល់ចំណុចមុខរណ្តៅដីតាកៅ ក៏បានជួបគ្រោះថ្នាក់បុកគ្នាពេញទំហឹងជាមួយរថយន្តដឹកដី បណ្តាលឲ្យត្រូវរងរបួសធ្ងន់ ដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានរណ្តៅដីឧកញ៉ា ញឹក ផន តាមមហាវិថីឈ្នះឈ្នះក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានឲ្យដឹងថា ឈ្មោះ សាំង ស៊ិន ភេទប្រុស អាយុ៥៧ឆ្នាំ ជាចៅសង្កាត់គោករកា ស្នាក់នៅភូមិច្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របួសធ្ងន់ ត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ជិះរថយន្តមួយគ្រឿងម៉ាក HILANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249 ចំណែករថយន្តដឹកដីម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ PP-2236 ចង្កូតស្តាំអ្នកបើកបររត់គេចខ្លួនបាត់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញលោក ចៅសង្កាត់បានជិះរថយន្តខាងលើមកពីប្រជុំនៅសាលាខណ្ឌព្រែកព្នៅគោលបំណងត្រឡប់ទៅផ្ទះនៅពេលធ្វើដំណើរតាម មហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុ ក៍បានបុករថយន្តដឹកដីមួយគ្រឿងខាងលើបើកឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង ។
តាមព័ត៌មានឲ្យដឹងថា នៅក្នុងគ្រោះរថយន្តចៅសង្កាត់បុកចំកន្ទុយរថយន្តដឹកដីពេញទំហឹងបណ្តាលឲ្យរថយន្តនោះរួញស្រុញមុខជាប់ និងរថយន្តដឹកដីហើយអូសជាប់មកចិញ្ចើមផ្លូវខាងឆ្វេងដៃទើបរថយន្តដីឈប់ហើយអ្នកបើកបរបានគេចខ្លួនបាត់បាត់ស្រមោលតែម្តង ។
ក្រោយទទួលបានព័ត៍មានដ៏រន្ធត់នេះភ្លាមលោកសុខ សម្បត្តិ និងមន្ត្រីសាលាខណ្ឌទាំងអស់បាននាំគ្នាទៅសួសុខទុក្ខលោកចៅសង្កាត់ដល់មន្ទីរពេទ្យដោយស្ថានជម្ងឺធ្ងន់ធ្ងរពេកក៏សម្រេចបញ្ជូនជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាមជាបន្ត ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបាននគរបាលចុះមកស្ទួចទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ៕ ធឿនព្រែកជ័យ