ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយ៦៨ ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន ផ្អើលក្រុមគ្រួសារទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការណ៍ភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសាកសពភ្លាមៗ ខណៈដែលប្រទះឃើញលោកយាយម្នាក់ បានចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបន្ទាប់ពីក្រុមគ្រួសារអះអាងថា មានជំងឺរ៉ាំរៃព្យាបាលមិនធូរស្រាល ទើបដាច់ចិត្តធ្វើបែបនេះ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចស្រុកកម្លាំងប៉ុស្ដិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់គ្រូពេទ្យជំនាញបាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងពិនិត្យសាកសពភ្លាមៗ ។

ប្រភពបន្តថា សាកសពដែលប្រទះសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ សុខ ម៉ុងសា (ហៅអិញ) អាយុ៦៨ ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

យោងតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ម្ដាយគាត់មានជំងឺប្រចាំកាយយូរ ឆ្នាំមកហើយ ដោយត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនធូស្រាលសោះ ណាមួយថវិកាមិនមានគ្រប់គ្រាន់ចេះតែទុកទៅ ខណៈកើតហេតុកូនៗ និងចៅៗបានភ្ញាក់ពីដំណេកបានធ្វើការងារផ្ទះដូចសព្វដង ប៉ុន្តែមានការងឿងឆ្លល់ខុសមួយដង ដោយបាត់លោកយាយមិនឃើញចេញមកក្រៅ ក៏ដើរទៅអើតមើល និងហៅ ស្រាប់តែប្រទះឃើញចងក បង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួច ក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះមិនមានស្លាកស្នាមសម្គាល់ជារឿងឃាដកម្មអ្វីនោះទេ ៕ យឹម សុថាន


ចែករំលែក៖