លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ធ្លាយរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃការដឹកនាំ ។ នោះគឺការលោកគឺជាអ្នករកស៊ីនាំទំនិញពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា ដែលគេមិនដឹងថា តើទំនិញទាំងនោះបានបង់ពន្ធ ឬមិនបង់ពន្ធ? រីឯរថយន្តដែលយកទៅដឹកទំនិញ ឆ្លងចូលពីប្រទេសថៃមកនោះ គឺជារថយន្តអង្គភាពពន្ធដារខេត្តឧត្តរមានជ័យ ។ រឿងមួយទៀត គឺករណីនៃការតែងតាំងកូនស្រីជាមន្ត្រីនៅក្នុងអង្គភាពពន្ធដារខេត្ត ដែលនាំឲ្យក្រុមមន្ត្រីនៅទីនោះភ្ញាក់ផ្អើលជាខ្លាំង ។
ប្រភពរាយការណ៍ថា លោក ជុំ សំនិត បានយករថយន្តអង្គភាពទៅដឹកទំនិញច្រើនប្រភេទ ដូចជាស្រាបៀរ និងស្រាជាដើម ។ ទំនិញទាំងនោះត្រូវបាននាំចូលពីប្រទេសថៃដោយគ្មានការត្រួតពិនិត្យ និងប្រភពខ្លះថា ជាទំនិញគេចពន្ធ ។ ថ្មីៗនេះលោកជុំ សំនិត បានយករថយន្តអង្គភាពទៅដឹកទំនិញចេញពីច្រកទ្វារអន្តរជាតិអូរស្មាច់ ឆ្ពោះទៅរាជធានីភ្នំពេញ ។ ការដែលលោកប្រើរថយន្តអង្គភាពដឹកទំនិញផ្ទាល់ខ្លួនក្នុងរបររកស៊ីនោះ ធ្វើឲ្យមជ្ឈដ្ឋាននានាចោទប្រកាន់ថា លោកបានប្រើស្បែកអង្គភាពដើម្បីរបររកស៊ីផ្ទាល់ខ្លួនគេចវេះពីការបង់ពន្ធជូនរដ្ឋ ។
ប្រភពបានបន្ថែមថា របររកស៊ីរបស់លោកជុំ សំនិត ក្នុងដែនសមត្ថកិច្ចដែលខ្លួនធ្វើការលាយឡំដោយអំពើពុករលួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេត ។ ជាមន្ត្រីរាជការផ្នែកពន្ធដារ លោកជុំ ជំនិត ក៏ជាឈ្មួញរកស៊ីនាំទំនិញជាច្រើនប្រភេទ ដូចជាស្រា, ស្រាបៀរ និងគ្រឿងសង្ហារឹម ពីប្រទេសថៃចូលក្នុងប្រទេសកម្ពុជា ។ លោកបាននាំចូលទំនិញទាំងនេះភាគច្រើននៅចុងសប្តាហ៍ ហើយថែមទាំងបានប្រើប្រាស់រថយន្តរបស់អង្គភាពដឹកទំនិញទាំងនោះទៀតផង ។ ប្រការនេះហើយធ្វើឲ្យមជ្ឈដ្ឋាននានាមានមន្ទិល អំពីបញ្ហាពុករលួយក្នុងការមិនបង់ពន្ធជូនរដ្ឋ ក្នុងតួនាទីជាអ្នកប្រមូលពន្ធផង និងជាឈ្មួញរកស៊ីនាំទំនិញផងនោះ ៕