ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីនគរបាលសេដ្ឋកិច្ចស្នងការនគរបាល ខេត្តព្រះវិហារ ឈ្មោះ មាស សេដា ល្បីខាងប្រមូលលុយពីបទល្មើសព្រៃឈើ

ចែករំលែក៖

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នមានមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ ម្នាក់ឈ្មោះ មាស សេដា កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ទឹកដីឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចៀសមិនផុតពីបង់លុយតាមការកំណត់របស់លោក មាស សេដា ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ នោះទេ។ ជាងនេះទៅទៀតសូម្បីតែប្រជាពលរដ្ឋក្នុងមូលដ្ឋានដឹកជញ្ជូនឈើ ដឹកជញ្ជូនអុសបន្តិចបន្តួចក៏ត្រូវលោក មាស សេដា គាបយកលុយយ៉ាងកំរោលដែរដោយប្រើប្រាស់ឈ្មោះស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដើម្បីការពារទង្វើរបស់ខ្លួនទៀតផង។

តាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឲ្យដឹងថា នៅចំណុចត្រាវជូរ ភូមិស្រយ៉ង់ មានរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ហើយភាគច្រើនប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។ មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំស្រយ៉ង់ បានឲ្យដឹងថាលោក មាស សេដា គាបយកលុយពីប្រជាពលរដ្ឋដែលដឹកជញ្ជូនឈើ ដឹកជញ្ជូនអុសតាមរថយន្តនិងតាមគោយន្តស្រេចតែអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថាលោក មាស សេដា មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ ដើរជំរិតយកលុយពីរោងសិប្បកម្មក្នុងមួយកន្លែងចាប់ពី៥០ម៉ឺនរៀលទៅ៦០ម៉ឺនរៀលរហូតដល់១លានរៀលមិនអាចតវ៉ាបានទេ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្រយ៉ង់ បានឲ្យដឹងថាលោក មាស សេដា បានឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនឈើចេញពីឃុំស្រយ៉ង់ យ៉ាងរលូនហើយគាបសង្កត់តែប្រជាពលរដ្ឋដែលមានរោងសិប្បកម្មកែច្នៃឈើបន្តិចបន្តួច ក៏ដូចជាពលរដ្ឋដែលដឹកជញ្ជូនឈើ ដឹកជញ្ជូនអុសបន្តិចបន្តួចយ៉ាងកំរោល។ បញ្ហានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មាស សេដា ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ ជាបន្ទាន់ព្រោះបុគ្គលនេះកំពុងគាបយកលុយពីប្រជាពលរដ្ឋយ៉ាងកំរោល ហើយឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។ លើសនេះទៅទៀតលោក មាស សេដា តែងតែប្រើប្រាស់ឈ្មោះលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ធ្វើជាលេសដើម្បីបិទបាំងសកម្មភាពនៃអំពើពុករលួយរបស់ខ្លួនយ៉ាងគឃ្លើនតែម្តង៕


ចែករំលែក៖