ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង របស់នគរបាលខេត្តបន្ទាយមានជ័យ ចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងព្រៃ ឆេះរាល់ដាលគំនរស្តុកកង់ឡានចាស់ៗ ទប់ស្កាត់មិនឲ្យភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ទៅ៤ខ្នងនោះឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លើងឆេះព្រៃរាលដាល ឆេះគំនរស្តុកកង់ឡានចាស់ៗ យ៉ាងសន្ធោសន្ធៅបម្រុងរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ទៅ៤ខ្នង ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សរុបចំនួន៣គ្រឿងបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងសង្រ្គោះទាន់ពេលវេលា ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការជួយសង្រ្គោះបាញ់ទឹកពន្លត់អគ្គិភ័យនៅពេលនោះគេឃើញដឹកនាំដោយស្នងការរងទទួលផែនការងារបង្ការ ពន្លត់អគ្គិភ័យ និងគ្រប់គ្រងអាវុធជាតិផ្ទុះ លោកវរសេនីយ៍ឯក ប៊ុន ផេង និងអធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ី ឌី ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុការណ៍ឲ្យដឹងថាមុនពេលកើតហេតុគេឃើញ ភ្លើងចាប់ផ្តើមឆេះចេញពីព្រៃរបោះនៅទិសខាងត្បូងហើយក៏បន្តរាលដាលមកឆេះគំនរកង់ឡានចាស់ៗដែលស្តុកទុកចោលនៅចំណុចដីឡូត៍មួយកន្លែង ដែលមានម្ចាស់ឈ្មោះ សុខ នី ភេទស្រី អាយុ៣៨ឆ្នាំប្រកបមុខរបរប៉ះកង់រថយន្ត បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ អគ្គិភ័យនោះ ក៏បម្រុងរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ៣ទៅ៤ខ្នងថែមទៀត តែត្រូវបានរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងបានចេញទៅទប់ស្កាត់ទាន់ពេលវេលា ។

ជុំវិញករណីអគ្គិភ័យខាងលើ ស្នងការរងទទួលផែនការងារបង្ការ ពន្លត់អគ្គិភ័យ និងគ្រប់គ្រងអាវុធជាតិផ្ទុះលោកវរសេនីយ៍ឯក ប៊ុន ផេង បានប្រាប់ឲ្យដឹងថា ប្រើប្រាស់ទឹកចំនួន៦រថយន្តទើបគ្រប់គ្រងស្ថានការនោះបាន ។ អគ្គិភ័យនោះតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺភ្លើងឆេះអាចបង្កដោយអ្នកដុតព្រៃរាលដាលទៅឆេះកង់រថយន្តចាស់ៗគរទុកចោល ។

សូមរំលឹកថានៅចំណុចដីឡូត៍ស្តុកកង់ឡានចាស់ៗខាងលើធ្លាប់រងការឆាបឆេះដោយអគ្គិភ័យម្តងរួចមកហើយ កាលពី៣ទៅ៤ខែកន្លងទៅនេះ ។ នេះជាលើកទី២ដែលភ្លើងឆេះព្រៃបានរាលដាលឆេះគំនរកង់រថយន្តនោះម្តងទៀត ។ ការឆេះជាបន្តបន្ទាប់នៅគំនរកង់ឡានចាស់ៗស្តុកទុកចោលនៅចំណុដីឡូត៍ខាងលើនាំឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ។

បញ្ហាកើតឡើងជាអគ្គិភ័យជាបន្តបន្ទាប់នៅចំណុចខាងលើផងដែរប្រជាពលរដ្ឋក៏ដូចជាម្ចាស់ដីឡូត៍ស្តុកកង់រថយន្តចាស់ៗដាក់ការសង្ស័យថាអាច និងមានជនបំណងអាក្រក់លួចដុតព្រៃឲ្យរាល់ដាលទៅឆេះគំនរកង់រថយន្ត ៕ សំ វិច្ឆិកា


ចែករំលែក៖