ខេត្តបាត់ដំបង៖ គ្រឿងញៀនធ្វើឲ្យបុរសម្នាក់មានចិត្តកាចសាហាវយកកាំបិតកាប់ផ្តាច់ជីវិត ប្រពន្ធត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពយកកាំបិតផ្គាក់សំលៀងរួចជាស្រេចកាប់ប្រហារទៅលើប្រពន្ធខ្លួនឯងដាច់កស្លាប់ ខណៈដែលប្រពន្ធកំពុងអង្គុយនិយាយទូរស័ព្ទនៅលើកាំជញ្ជើផ្ទះទំនាក់ទំនងជាមួយសាច់ញាតិដោយបុរសជាប្តីចោទថាប្រពន្ធមានគម្រោងចង់រត់ចោលខ្លួន ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ប្រាប់ឲ្យដឹងថា ជនរងសង្ស័យដែលរងការចាប់ខ្លួនមានឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ ប្រកបមុខរបរកម្មករ ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ម៉ាន់ សុភាព អាយុ៣៧ឆ្នាំ គ្រួសារនេះរស់នៅភូមិ ឃុំខាងលើ គ្មានកូននោះទេ ។
លោកស្នងការរងប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុគឺនៅវេលាម៉ោង៨យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ពីរនាក់ប្តីប្រពន្ធបានធ្វើដំណើរមកពីភ្នំពេញដល់ផ្ទះវិញគ្មានការឈ្លោះប្រកែកគ្នានោះទេខណៈនោះមានសាច់ញាតិនៅខេត្តកំពង់ស្ពឺបាននិយាយទំនាក់ទូរស័ព្ទមកស្រ្តីរងគ្រោះមានគម្រោងចង់បំបែកបំបាក់ស្រ្តីរងគ្រោះចេញពីប្តីដែលជាជនសង្ស័យដោយយោងថាជនសង្ស័យនោះជាមនុស្សប្រើប្រាស់គ្រឿងញៀនកាចសាហាវ ។
នៅពេលដែលមានការទំនាក់ទូរស័ព្ទរវាងស្រ្តីរងគ្រោះនិងសាច់ញាតិបែបនោះ បុរសជាប្តីក៏ហាមកុំឲ្យប្រពន្ធនិយាយទូរស័ព្ទជាមួយនិងបងប្អូននោះទៀត ។ បន្ទាប់មកពួកគេក៏ចូលដេករៀងៗខ្លួន ។ លុះនៅវេលាម៉ោង៥ព្រឹកទាបភ្លឺ ថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៩ ប្រពន្ធក៏បាននិយាយទូរស័ព្ទជាមួយបងប្អូននៅលើកាំជញ្ជើផ្ទះម្តងទៀត បុរសជាប្តីក៏មានការសង្ស័យលើប្រពន្ធថាមានគម្រោងចង់រត់ចោលខ្លួនពិតនោះហើយ ។ ក៏សួរប្រពន្ធថានិយាយទូរស័ព្ទរឿងស្អីទៀតហើយ ។ ប្រពន្ធឆ្លើយថា មិនបាននិយាយរឿងអីទេ ខណៈនោះបុរសជាប្តី ក៏បានយកកាំបិតផ្គាក់ដែលសំលៀងទុកហើយជាស្រេច ក៏ដើរសំដៅមកកាប់ប្រពន្ធជាច្រើនកាំបិតដាច់កស្លាប់ ។ ជនល្មើសក៏បានយកក្បាលសាកសពអូសទៅចោលមុខផ្ទះហើយក៏យកបោះចោលក្រៅរបងផ្ទះនិងបន្ទាប់មករើសយកមកវិញ ។
លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌឧត្តមសេនយ៍ ជេត វណ្ណី បានប្រាប់ទៀតថា ក្រោយពីកើតហេតុនោះភ្លាម តាមការរាយការណ៍ពីកម្លាំងនគរបាលស្រុកបាណន់ និងអនុវត្តតាមបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ក៏បានបញ្ជាឲ្យលោកដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងនគរបាល ស្រុកបាណន់ ក៏ចុះហ៊ុំព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ ។
លោកស្នងការរងបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ យឿត រឿត ធ្លាប់ធ្វើកម្មករ នៅក្នុងប្រទេសថៃបានប្រើប្រាស់គ្រឿងញៀន និងមករស់នៅក្នុងស្រុកខ្មែរវិញ ក៏នៅតែប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ប្រើអំពើហឹង្សាមកលើប្រពន្ធផងដែរ ។ ជនសង្ស័យបានរងការចោទប្រកាន់ពីបទឃាតកម្មគ្រោងគិតទុកជាមុន និងកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា