ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ថៃ្ងអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងទី២១ ខែឧសភា ឆ្នាំ២០១៩នេះ តំណាងប្រជាពលរដ្ឋសហគមន៍មានទំនាស់ដីធ្លីចំនួន៨សហគមន៍ ស្ថិតក្នុងចំណោម១៣សហគមន៍ នាខេត្តព្រះសីហនុ បានមកជួបជុំគ្នា នៅពីមុខបរិវេណសាលាខេត្តព្រះសីហនុ ដើម្បីស្នើជួបលោកអភិបាលខេត្តព្រះសីហនុ ឲ្យជួយដោះស្រាយវិវាទដីធ្លីជូនពួកគាត់។
តំណាងសហគមន៍ប្រកាសឲ្យដឹងថា គោលបំណង នៃការជួបជុំរបស់ប្រជាពល រដ្ឋទាំង៨សហគមន៍នាឱកាសនេះ គឺដើម្បី ធ្វើការតស៊ូមតិ និងសំណូមពរដល់លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ ឲ្យជួយពន្លឿនការដោះស្រាយវិវាទដីធ្លី ជាពិសេសស្នើឲ្យជួយពន្លឿន សកម្មភាពចុះវាស់ក្បាលដី និងឈានទៅចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនពួកគាត់ដើម្បីមានសុវត្ថិភាពឲ្យបានឆាប់។
បន្ថែមលើនេះ តំណាងប្រជាពលរដ្ឋ ទាំង ៨សហគមន៍ ក៏បានយកឱកាសជួបជុំ គ្នានៅពេលនេះ លើកជាសំណូមពរដល់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយធ្វើអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី, ជួយពន្លឿនចុះវាស់វែងក្បាល ដី និងជួយពន្លឿនចេញប្លង់កម្មសិទ្ធិដីធ្លី ជូនពួកគាត់ប្រើប្រាស់ឲ្យបានឆាប់ ដោយ អនុគ្រោះ។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង ៨សហគមន៍ បានរអ៊ូរទាំ និងរិះគន់ សកម្មភាពចុះអនុវត្តការងារ របស់មន្ត្រី ជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ ថា ហាក់មានការយឺតយ៉ាវ និងអូសបន្លាយ ពេលយូរឆ្នាំមកហើយ នៅតែគ្មានដំណោះស្រាយទៀត។
យ៉ាងណាក៏ដោយចុះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីរដ្ឋបាល ខេត្តព្រះសីហនុ បានចេញមកជួប និង អនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋ ទាំង៨សហគមន៍ ចូលជួបដើម្បីរកដំណោះស្រាយ ប៉ុន្តែចំពោះលទ្ធផលបែបណានោះ នៅមិន ទាន់ដឹងទេ ព្រោះកំពុងជួបប្រជុំពិភាក្សាគ្នាមិនទាន់ចប់នៅឡើយ៕ ហេង នរិន្ទ្រ