ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថាព្រះគ្រូចៅអធិការវត្តព្រៃល្វាស្រុកព្រៃកប្បាសឃុបឃិតគ្នាលួចលក់​ដីស្រះវត្ត

ចែករំលែក៖

ខេត្តតាកែវ ៖ ដីស្រះដែលជាសម្បត្តិគរុភណ្ឌក្នុងវត្តព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានព្រះគ្រូចៅអធិការវត្តលួចលក់ ដោយមានលោកមេឃុំព្រៃល្វា និងលោក អ៊ិត សា អតីតអភិបាលស្រុកព្រៃកប្បាសជាអ្នកទទួលដឹងឮ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅក្បែរវត្តព្រៃល្វាប្រាប់ថា ព្រះគ្រូចៅអធិការ​ព្រះនាម គង់ វណ្ណៈ បានលួចលក់ដីស្រះដែលជាសម្បត្តិគរុភណ្ឌក្នុងវត្តជាងកន្លះ​​ ហិកតាក្នុងតម្លៃរាប់ម៉ឺនដុល្លារទៅឲ្យក្រុម​អ្នកមានលុយនៅក្បែរៗនោះ ជាពិសេស​លោក តាក់ ប៊ុនលី ហៅ ចូច ដែលជាមន្ត្រីពេទ្យសត្វប្រចាំស្រុកព្រៃកប្បាស ជាអ្នកកែនម៉ូយក្នុងការទិញលក់ដីគរុភណ្ឌនេះ។

ចំពោះការទិញ លក់ ដីស្រះនេះបានកើតឡើងជាង៣ឆ្នាំមកហើយ ដោយមានការ​ឃុបឃិតគ្នាជាមួយលោក យន់ គន មេឃុំ​ព្រៃល្វា និងលោក អ៊ិត សា អតីតអភិបាល​ស្រុកផងដែរ ។ ក្រុមប្រជាពលរដ្ឋនិងមន្ត្រីរាជការបានបន្ថែមថា ដំបូងឡើយក្រុម លោក តាក់ ប៊ុនលី ហៅចូច មិនបានចាក់ដីលុបស្រះក្នុងវត្តនេះភ្លាមៗនោះទេ ទើបតែ ពេលថ្មីៗនេះលោក បានធ្វើសកម្មភាពចាក់ ដី លុបស្រះ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូទាំងឃុំព្រៃល្វានេះតែម្តងទៅ។

ជុំវិញករណីព្រះគ្រូចៅអធិការវត្តលួចលក់ដីគរុភណ្ឌនេះ លោកឆុង ផូ ប្រធាន ការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ពិតជាមានការទិញ លក់ ដីស្រះ​វត្តព្រៃល្វានេះមែន ហើយរាល់ ឯកសារ​ពាក់ព័ន្ធទិញ លក់លោកសូមបដិសេធមិនទទួលខុសត្រូវទេ ព្រោះជាទង្វើខុសច្បាប់។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃល្វាបានស្នើដល់ លោក អ៊ូច ភា អភិបាលនៃគណៈ អភិបាលខេត្តតាកែវ គួរចាត់វិធានការជា បន្ទាន់លើទីតាំងដីស្រះវត្តខាងលើនេះ ដើម្បីឲ្យបានមកជាសម្បត្តិគរុភណ្ឌវត្តវិញ និងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធដើម្បីចាត់ការបន្តតាមនីតិវិធី ពិសេសលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ សូមចុះ​ស្រាវជ្រាវករណីនេះផង៕ ហេង នរិន្ទ្រ


ចែករំលែក៖