ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីក្នុងវ័យ២១ឆ្នាំម្នាក់ រៀបការបាន២ឆ្នាំ ក៏យល់សប្តិឃើញមានគេឲ្យខ្សែកមាស៣ខ្សែ ក៏ព្រមទទួលយកខ្សែកមាសទាំងនោះ ។ ក្រោយពីយល់សប្តិនោះហើយ គាត់ចាប់ផ្តើមមានផ្ទៃពោះ ។ លុះដល់ថ្ងៃខែត្រូវឆ្លងទន្លេ ក៏ប្រសូតបានកូនភ្លោះ ប្រុស ស្រី ៣នាក់ នៅក្នុងគ្រួសារកម្មករជាងសំណង់ក្នុងខេត្តបន្ទាយមានជ័យ ។
ការយល់សប្តិបែបនោះ គឺជារឿងអបិយជំនឿ ដែលខ្មែរយើងពីបុរាណតមករហូតដល់បច្ចុប្បន្ន តែងមានជំនឿឲ្យតែស្រ្តីរៀបការរួចហើយយល់សប្តិឃើញគេឲ្យវត្ថុ ឬជាកូនក្មេងគឺពិតជាមានការប្រទានកូនឲ្យគ្រួសារនោះហើយ ។ ប៉ុន្តែបើតាមវេជ្ជសាស្រ្តវិញ ដែលអ្នកជំនាញអះអាងថា វាមិនអាចដូចរឿងយល់សប្តិនោះទេ វារឿងអបិយជំនឿពីបុរាណតែប៉ុណ្ណោះ ។
ស្រ្តី ដែលទើបប្រសូត្របានកូនភ្លោះ៣នាក់ត្រូវបានអាជ្ញាធរមូលដ្ឋានប្រាប់ឲ្យដឹងថាមានឈ្មោះ ឱ ស្រីរ៉ង អាយុ២១ឆ្នាំ ប្រកបមុខរបរមេផ្ទះ រស់នៅក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកប្តីមានឈ្មោះ អូន ញ៉ អាយុ១៩ឆ្នាំ មុខរបរជាងសំណង់ ។ ស្រ្តីនោះបានឆ្លងទន្លេកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅពេទ្យគន្ធបុប្ផា ខេត្តសៀមរាប គាត់ត្រូវបានគ្រូពេទ្យអនុញ្ញាតសម្រាកនៅក្នុងមន្ទីរពេទ្យតាមដានសុខភាពរយៈពេល១៨ថ្ងៃ ។ បន្ទាប់មកឃើញសុខភាពគាត់មានភាពល្អប្រសើរហើយនោះគឺនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ទើបគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមកផ្ទះវិញនៅខេត្តបន្ទាយមាន ជ័យ ។
ស្ត្រី ដែលកើតបានកូនភ្លោះ៣មានឈ្មោះ ឱ ស្រីរ៉ង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គាត់បានរៀបការរយៈពេល២ឆ្នាំ ស្រាប់តែយល់សប្តិឃើញមានគេយកខ្សែ ក មាស៣ខ្សែ មកប្រគល់ឲ្យគាត់ ពេលនោះគាត់បានយកខ្សែកទាំងអស់នោះ ។ ក្រោយមកទៀត ក៏ចាប់ផ្ដើមមានផ្ទៃពោះរហូតដល់ឆ្លងទន្លេនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែកើតបានកូនភ្លោះ ប្រុស ស្រី ៣នាក់ ដូចតាមការយល់សប្តិ ។ ក្នុងចំណោមកូនទាំង៣នាក់គឺមានកូនស្រីម្នាក់ច្បង និង២នាក់ប្រុស ដែលជាប្អូន ។ កូនទាំងនោះមានសុខភាពល្អគ្រាន់តែ កូនស្រីច្បងមានមាឌតូចល្អិតបន្តិច ។ កូនស្រីច្បង មានឈ្មោះ១.សួរ ស្រីពេជ្រ ,២.ឈ្មោះ សួរ បញ្ញារឹទ្ធិ និង ៣.ឈ្មោះ សួរ បញ្ញារី ។
ក្រោយពីទទួលបានព័ត៌មានស្រ្តីម្នាក់រស់នៅភូមិ សង្កាត់ខាងលើ ប្រសូត្របានកូនភ្លោះ៣នាក់ នៅក្នុងគ្រួសារកម្មករជាងសំណង់ ភរិយាអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាអាជ្ញាធរក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខស្រ្តីមានកូនភ្លោះ៣នាក់ និងក្រុមគ្រួសារក្នុងនោះ ក៏បានលើកទឹកចិត្តឧត្ថម្ភថវិកាចំនួន៧៥ម៉ឺនរៀល និងសារុងចំនួន៣ផងដែរ ។
សូមបញ្ជាក់ថាក្នុងគ្រួសារ ដែលប្រសូត្របានកូនភ្លោះ៣នាក់គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែចាត់ទុកជាកូនធម៌ និងបានជួយឧត្ថម្ភថវិកា និងអំណោយមួយចំនួនទៀត ដើម្បីដោះស្រាយការលំបាករបស់គ្រួសារ ដែលមានកូនភ្លោះ៣នាក់ ៕ សំ វិច្ឆិកា