ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធល្បីឈ្មោះលោក អ៊ាម វន្នីរំភើបចិត្តឥតឧបមា ក្រោយពីភរិយាបណ្តូលចិត្តសម្រាលបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ បន្ទាប់ពីនាងធ្លាប់សម្រាលបានកូនប្រុសម្នាក់ជាចំណងដៃ ។
ភរិយា អ៊ាម វន្នី បានសម្រាលបានកូនស្រីដោយសុវត្ថភាពដោយសុខភាពល្អទាំងម្តាយ និងកូនកាលពីចុងសប្តាហ៍មុនម្ល៉េះនៅក្នុងមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ ខណៈដែលកូនស្រីរបស់តារាចម្រៀងរូបនេះមុខមាត់គួរឲ្យស្រឡាញ់ សូម្បីតែឈ្មោះក៏ពិរោះប្លែក ។
លោកបានដាក់ឈ្មោះកូនស្រីថាវន្នី កិត្តិវីរិយ៉ា ហើយកូនស្រីលោកមានមុខមាត់គួរឲ្យស្រឡាញ់រហូតអ្នកគាំទ្រអបអរសាទរ និងសសើរគ្រប់ៗគ្នា ។ លោក អ៊ាម វន្នី ពិតជារំភើបចិត្តខ្លាំងជាមួយសមាជិកថ្មី លោកថែមទាំងនិយាយទៅកាន់មិត្តភក្តិជាច្រើនថា កូនស្រីបាននាំលាភសំណាងបន្ថែមទៀតបន្ទាប់ពីកូនប្រុសជាកូនច្បងក៏មានមុខមាត់គួរឲ្យស្រឡាញ់ និងសុខភាពល្អ ។ ជាមួយគ្នានេះដែរគេក៏បានឃើញកញ្ញា បាន មុនី ល័ក្ខ ដែលជាដៃគូច្រៀងរួមគ្នាបានបង្ហាញមុខទៅសាកសួរសុខទុក្ខភរិយាតារាចម្រៀងរូបនេះដល់មន្ទីរពេទ្យដោយផ្ទាល់ផងដែរ ។
គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការប្រកួតកម្មវិធី Cambodian Idol អ៊ាម វន្នី ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីមានការគាំទ្រទឹកដមសំនៀង និងការនិពន្ធបទចម្រៀងដ៏គួរឲ្យជក់ចិត្ត ។ លោកក៏ទទួលបានឱកាសចេញច្រៀងនៅលើបណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប និងអាមេរិកដែលសម្បូរដោយប្រជាជនខ្មែររស់នៅផងដែរ ។
លោក និងតារាចម្រៀងសៅ ឧត្តម សុវត្ថិឌី ធារិកា មាស មុន្នីរាជធ្លាប់បានរួមគ្នាបង្កើតក្រុមមួយឈ្មោះថា Khmer Idol ប៉ុន្តែត្រូវបានរំសាយទៅវិញក្រោយធ្វើការរួមគ្នាបានមួយ ឆ្នាំ ។ បច្ចុប្បន្នលោកគឺជាតារាចម្រៀងឯករាជ ហើយលោកក៏ទើបនឹងចាប់ដៃគូច្រៀងចម្រៀងរូមគ្នាជាមួយតារាស្រីសំនៀងពិរោះ កញ្ញា បាន មុនីល័ក្ខ ផងដែរ៕ វឌ្ឍនា