ព័ត៌មានទាន់ហេតុការណ៍៖

អន្តរក្រសួងស្វែងរកដំណោះស្រាយបញ្ហាទឹកកខ្វក់នៅក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការអន្តរក្រសួង កាលពីថៃ្ងអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ​មួយ ដើម្បីដឹកនាំ និងសម្របសម្រួល​គម្រោង​វិនិ​យោគ ស្តារ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធ​​ប្រព្រឹត្តកម្មទឹកកខ្វក់ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើង នៅ ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំ​ដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ​អន្តរក្រសួង ដើម្បីដឹកនាំ និងសម្រប​សម្រួល​គម្រោងវិនិយោគស្តារ និងអភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និង​ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងមានវត្ត​មានចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគ​រូបនីយកម្ម និងសំណង់ និងជាប្រធាន​គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិ​វឌ្ឍន៍​តំបន់ឆ្នេរសមុទ្រកម្ពុជា, លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងថ្នាក់​ដឹកន​ាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើន​រូបទៀត ។

ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល, ក្រុងព្រះសីហនុ មានសន្ទុះ អភិវឌ្ឍន៍លឿន ដោយមាន កំណើនសកម្មភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាពិសេស កំណើនក្នុងវិស័យឧស្សាហកម្ម និងទេសច រណ៍ ។ ទន្ទឹមនេះ កាកសំណល់រឹង-រាវ ក៏ មានសន្ទុះកើនឡើងផងដែរ។ ដោយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនអាចទ្រទ្រង់បាន គួបផ្សំនឹងមានកំណើនទឹកកខ្វក់យ៉ាងគំហុក ហើយផ្ទៃរងទឹកភ្លៀងរួមតូច ផងនោះ ទឹកកខ្វក់មួយ ភាគបានហូរតាមអូរ ធម្មជាតិ ចាក់ទៅសមុទ្រ ដែលបានបណ្តាលឲ្យប៉ះពាល់ដល់បរិស្ថាន និងទេសភាព​តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ។

កន្លងមក គណៈកម្មាធិការជាតិគ្រប់​គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា​ បានចាត់វិធានការឆ្លើយតបជាបន្ទាន់ចំពោះ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រនៅក្រុងព្រះសីហនុ ដោយបានសាងសង់ស្ថានីយបូម ទឹកកខ្វក់ចំនួន ៤កន្លែង ដែលអាច បូម បាន២៥ ០០០ ម៣/ថ្ងៃ ដើម្បីបូមទឹកកខ្វក់បញ្ជូនទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ទំនប់បង្ហៀរចំនួន ៤ កន្លែង សម្រាប់ស្ទាក់ច្រោះកាកសំណល់មុននឹង បញ្ជូនទៅសមុទ្រតាម ពយ ០៣៩ ។ ដំណោះស្រាយនេះ បានជួយស្តារបញ្ហា បរិស្ថាននៅឆ្នេរសមុទ្រក្រុងព្រះសីហនុ ទាន់សភាពការណ៍ ។

ដើម្បីថែរក្សាឆ្នេរសមុទ្រក្រុងព្រះសីហនុ ឲ្យនៅល្អស្អាតដូចដើម និងដាក់ចេញនូវ​កញ្ចប់វិធានការគ្រប់ជ្រុងជ្រោយ ដែលអាច​ធានា បាននូវការអភិវឌ្ឍទីក្រុងព្រះសីហនុប្រកបដោយចីរភាព ក៏ដូចជាធានាបានការ​បែងចែកធនធានថវិកាជាតិប្រកបដោយ ស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព ចីរភាព យុត្តិធម៌ និងសមធម៌ អង្គប្រជុំបានជជែកពិភាក្សា​លម្អិត លើសំណើវិធានការដោះស្រាយ បន្ទាន់, ការគិតគូររៀបចំផែនការមេ និងផែនការវិនិយោគរយៈពេលមធ្យមនិងវែង, ការ​ធ្វើហិរញ្ញប្បទាន និងប្រភពថវិកា, ព្រមទាំងការរៀបចំសម្របសម្រួលយន្តការស្ថាប័ន និងគោលការណ៍ដើម្បីធានា និរន្តរភាព ប្រតិបត្តិការ។

អង្គប្រជុំ បានឯកភាពជាគោលការណ៍ឲ្យចាត់វិធានការបន្ទាន់ រៀបចំហេដ្ឋា រចនាសម្ព័ន្ធ ដោះស្រាយ បញ្ហាទឹកកខ្វក់នៅ ក្រុងព្រះសីហនុ ដោយធ្វើទំនើបកម្មស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានស្រាប់ឲ្យមានសមត្ថភាពច្រោះ ទឹកកខ្វក់បានដល់៣០០០០ ម៣/ថ្ងៃ, សាងសង់ស្ថានីយបូមទឹកកខ្វក់​បន្ថែមទៀត, រៀបចំប្រព័ន្ធលូ, និងបំពាក់​ឧបករណ៍ និងសម្ភារ។

ទន្ទឹមនេះ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់​ ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ខាងមុខនេះនៅទីក្រុងព្រះសីហនុ, អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីតម្រូវការហេដ្ឋា រចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដែលបម្រើ ដល់កិច្ចប្រជុំ ហើយដែលមានការពាក់ព័ន្ធជាមួយកញ្ចប់វិធានការដោះស្រាយទឹក កខ្វក់។ អង្គប្រជុំបានស្នើឲ្យក្រសួង-ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងមាន​ ​ វិធានការម៉ឺងម៉ាត់ចំពោះការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅធានាបានទាំងសណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសឲ្យបាននូវផលប៉ះពាល់បរិស្ថាន និងទ្រព្យសម្បត្តិសាធារណៈដោយសារការរំលោភបំពាន ។

តាមរយៈការឆ្លុះបញ្ចាំងនូវបទពិសោធន៍ពីប្រទេសក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់នេះ, អង្គប្រជុំក៏ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការទទួលខុសត្រូវលើ​បញ្ហា ភាពម្ចាស់ការ និងការរួមចំណែក​របស់រដ្ឋបាលមូលដ្ឋាន ក៏ដូចជាការរួមវិភាគទានមិនអាចខ្វះបានពីសំណាក់អ្នកប្រើ​ប្រាស់សេវាទាំងអស់ ដើម្បីទ្រទ្រង់ដល់ការ​វិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធដែលមាន​ទំហំធំ និងថ្លៃប្រតិបត្តិការថែទាំ សំដៅធានាបាននូវទីក្រុងមួយដែលមានផាសុកភាព និង បរិស្ថានល្អ៕ ហេង នរិន្ទ្រ


ចែករំលែក៖