ភ្នំពេញ ៖ គូស្នេហ៍មួយគូ ត្រូវរ៉ូវគ្នាចូលដេកផ្ទះសំណាក់ យប់ទីមួយនឹកថាផ្អែមមាត់ហើយ គ្មានឧបសគ្គអ្វីមករារាំងឡើយ ចូលដល់យប់ទី២ ស្រាប់តែបងប្អូនសាច់ញាតិមកដល់ល្មម ខាងស្រីប្តឹងចោទប្រកាន់ថាប៉ុនប៉ងរំលោភទៅវិញ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះសំណាក់ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ជនជាប់ចោទក្នុងរឿងស្នេហាមួយនេះឈ្មោះ ផុន លីផេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ចំណែកនារីដើមបណ្តឹងឈ្មោះ អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ។
តាមភាគីខាងប្រុសបានឲ្យដឹងថា ពួកគេស្រឡាញ់គ្នា ជាសង្សារ អនាគតគ្រោងនឹងហៅចាស់ទុំចូលស្តីដណ្តឹង ហើយការទំនាក់ទំនងសម្ព័ន្ធភាពស្នេហ៍ ស្អិតល្មួត ហើយនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ អ្នកទាំង២នាំគ្នាចូលដេកផ្ទះសំណាក់ម្តងហើយ គ្មានឧបសគ្គអ្វីកើតឡើង លុះចូលដល់យប់ទី២ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បបួលនាងទៅកន្លែងដដែល ហើយនារីខាងលើ ក៏យល់ព្រមទៅជាមួយ មិនទាន់បានសម្រេចផង សាច់ញាតិ បងប្អូន ស្រីនួនល្អង ទៅដល់បន្ទប់ល្មម ហាក់បីដូចជារៀបគម្រោងទុកអីចឹង ព័ន្ធចាប់ប្តឹងចោទប្រកាន់ ថាប៉ុនប៉ងរំលោភទៅវិញ ចុះនៅយប់ទី១មិនប្តឹង មកប្តឹងលើកទី២នេះទៅវិញ ដូចជាឈុតឆាករៀបទុក ។
ករណីប្រុសប្រកែក ស្រីប្រកាន់ខាងលើ បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារខាងស្រី សមត្ថកិច្ចឃាត់ខ្លួនយុវជនខាងលើ សាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕ សុខាសែនជ័យ