ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូបើកបុកពេញទំហឹង ផ្លោងបោកនឹងកញ្ចក់រថយន្តរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿង បើកឆ្លងផ្លូវ ត្រូវយុវជន២នាក់ បើកម៉ូតូឌុបគ្នា ទៅបុកចំពីចំហៀងកង់មុខខាងឆ្វេង បណ្តាលឲ្យយុវជនទាំង២នាក់ ផ្លោងបោកនឹងកញ្ចក់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខ សណ្ឋាគារ “តាយម៉េង” តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តTOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-4142 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបរឆ្លងកាត់ទទឹងផ្លូវព្រះនរោត្តម ពីលិចមកកើតបានពាក់កណ្ដាលផ្លូវ ត្រូវបានម៉ូតូម៉ាកហុងដា ហ្សូមមឺរ (Zoomer-X) ពណ៌ខ្មៅទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GS-8280 បើកបរដោយយុវជនពីរនាក់យ៉ាងលឿនក្នុង ទិសដៅពីត្បូងទៅជើង ជ្រុលទៅបុកចំពីចំហៀងកង់មុខខាងឆ្វេង បណ្តាលឲ្យយុវជនទាំង២នាក់ ផ្លោងបោកនឹងកញ្ចក់រថយន្ត តែសំណាងល្អមានពាក់មួកសុវត្ថិភាព គ្រាន់តែរបួសស្រាលម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានចុះមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយបងប្អូនម្ចាស់ម៉ូតូក៏បានមកកន្លែងកើតហេតុចរចារជាមួយភាគីម្ចាស់រថយន្តផងដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖