ប៉ោយប៉ែត៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ស្លាប់ភ្លាមៗ នៅកន្លធងកើតហេតុ ដោយសារថយន្តដឹក កុងទីន័រថៃ កិនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចផែនចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថា មុនកើតហេតុមានរថយន្ត សឺម៉ីរ៉ឺម៉ក ម៉ាក VOLVO ក្បាល ពាក់ស្លាកលេខ Thaniland 62-3498 សឺម៉ីរ៉ឺម៉ក ពាក់ស្លាកលេខ Thaniland 78-8553 បើកទិសដៅ ពីទិសខាងកើតទៅខាងលិច ក្នុងល្បឿនយឺតៗ ដល់ក្នុងរង្វង់មូល មានម៉ូតូ ម៉ាក ហុងដាឃ្លិក ពណ៌ក្រហម គ្មានស្លាកលេខ បើកទិសដៅស្របគ្នា ពីទិសខាងកើតទៅខាងលិច បើកពីក្រោយរថយន្តធំ ហើយបានឡើងជែងរថយន្តធំខាងស្តាំដៃ រួចម៉ូតូកៀរទាក់ដៃចង្កូតនឹងសឺម៉ីរ៉ឺម៉ក កង់ក្រោយរថយន្តផ្នែកខាងស្តាំ ធ្វើឲ្យម៉ូតូ ដួលខ្ទាតអ្នករួមដំណើរម៉ូតូ ចូលកង់ក្រោយផ្នែកខាងស្តាំសឺម៉ីរ៉ឺម៉ក រថយន្តធំ បណ្តាលឲ្យកិនស្លាប់ ចំណែកស្ត្រីដែលជាដឹករងរបួសរបួសស្រាល ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ GE UIX TING ភេទស្រី អាយុ២៤ឆ្នាំ ជាជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ 309527553 មុខរបរ បុគ្គលិកonline GrandDiamon អ្នកបើកបរម៉ូតូ (របួសស្រាល) និងឈ្មោះ CHUANG HSIN PET ភេទស្រី អាយុ ៣៣ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ 30995605 បុគ្គលិកonline GrandDiamon អ្នករួមដំណើរម៉ូតូ (ស្លាប់) ។ អ្នកទាំងពីរស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបញ្ជាក់មូលហេតុ៖ ម៉ូតូបើកប្រជែងរថយន្តទៅខាងស្ដាំខ្វះការប្រុងប្រយ័ត្ន (ក្រោយកើតហេតុ អ្នកបើកបររថយន្តឈ្មោះ ប៊ូនមា វែនកែវ ភេទប្រុស អាយុ៣៩ឆ្នាំ (ជនជាតិថៃ) រស់នៅខេត្តបូរីរាំម ប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ។
ក្រោយកើតហេតុ គេបានឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន ក្រុងប៉ោយប៉ែត បានចុះជួយ អន្តរាគមន៍ និងវាស់វែងដើម្បីប្រមូលភស្តុតាងកត់ត្រា និងយកវត្ថុតាទៅរក្សារនៅអធិការដ្ឋានក្រុងប៉ោយប៉ែតចាត់ការតាមច្បាប់ ។
ចំពោះសាកសពរងគ្រោះត្រូវក្រុមជួយសង្គ្តោះយករថយន្តដឹកមកតម្កល់នៅក្នុងវត្តបាលិលេយ្យ ៕ វណ្ណា