បើទោះបីជាសម្តេចក្រឡាហោម ស ខេង ប្រតិកម្មករណីកាប់ឈើ និងការដឹកជញ្ជូនរកស៊ីឈើប្រណីតនៅខេត្តពោធិ៍សាត់បន្តកើតមានយ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តនេះនៅតែធ្វើមិនដឹងមិនឮ ពោលគឺមិនព្រមបង្ក្រាបឈ្មួញរកស៊ីឈើនោះឡើយ ។ នៅឯស្រុកភ្នំក្រវាញ ឈ្មួញពីរនាក់ប្តីប្រពន្ធឈរជើងយ៉ាងរឹងមាំចាំទិញឈើប្រណីតដោយគ្មាននរណាអាចរកស៊ីបានឡើយ ។ ជនដែលរកស៊ីដឹកឈើ ឬមិនព្រមលក់ឈើឲ្យគូស្វាមីភរិយា ចែភក្តិ និងលោក ណាក់ មុខជាត្រូវសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ដាក់គុកមិនខានឡើយ ។ ជាក់ស្តែងថ្មីៗនេះ មានករណីចាប់អ្នករកស៊ីឈើម្នាក់ ញាត់គុកបាត់ទៅហើយ ។
ប្រភពបានឲ្យដឹងថា លោក ណាក់ និងភរិយា ឈ្មោះ សុភក្តិ បានឈរជើងទិញឈើប្រណីតផ្តាច់មុខនៅចំណុចផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ។ នៅទីនេះ គឺមានតែពីរនាក់ប្តីប្រពន្ធនេះទេ ដែលហ៊ានទិញឈើដោយចំហរ ព្រោះមានការគាំទ្រពេញទំហឹងពីអាជ្ញាធរ ។ ប្រភពបន្ថែមថា ក្នុងឈើធ្នង់មួយគីឡូក្រាមតម្លៃចាប់ពី១៥០០ទៅ២៤០០រៀល ទៅតាមប្រភេទឈើ និងទំហំមុខកាត់ ។ រីឯឈើនាងនួន ចាប់ពី៣ពាន់ទៅ៤ពាន់រៀលក្នុងមួយគីឡូក្រាម ។ ក្រៅពីនោះ សូម្បីកម្ទេចឈើគ្រញូង ក៏ឈ្មួញពីរនាក់ប្តីប្រពន្ធនេះ ឈរចាំទិញផ្តាច់មុខដែរ ។ ជនណាដែលមិនព្រមលក់ឈើឲ្យឈ្មួញទាំងពីរនាក់ប្តីប្រពន្ធនេះទេនោះ មុខជាត្រូវចែភក្តិ រាយការណ៍ឲ្យសមត្ថកិច្ចចុះចាប់ជាមិនខាន ។
ឈើដែលប្រមូលទិញបានត្រូវបានដឹកជញ្ជូនតាមរថយន្តហុកឡ យកទៅស្តុកទុកមួយកន្លែងនៅទីរួមស្រុកភ្នំក្រវាញ និងបន្តដឹកតាមរថយន្តសាំយ៉ុង សម្តៅមករាជធានីភ្នំពេញ ។ បើតាមប្រជាពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកឈើតាមម៉ូតូអះអាងថា ចែភក្តិ និងប្តីមានឥទ្ធិពលខ្លាំងណាស់ជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើ ។ បើគាត់រាយការណ៍ឲ្យចាប់នរណា គឺជននោះមុខជាមិនរួចខ្លួនឡើយ ។ ជាក់ស្តែងថ្មីៗនេះ បទល្មើសនៃការដឹកជញ្ជូនឈើកំពុងធ្វើដំណើរតាមផ្លូវដូចគ្នា ប៉ុន្តែសមត្ថកិច្ចចុះចាប់តែមួយករណី ហើយមួយករណីទៀតព្រលែងតាមចិត្ត ។ អំណាចរបស់ចែភក្តិ ត្រូវគេនិយាយតាមតុកាហ្វេថា ជាន់ផ្អៀងខេត្តពោធិ៍សាត់ ៕