ការិយាល័យនិពន្ធកាសែតនគរវត្តទទួលបានលិខិតមួយច្បាប់ពីមិត្តអ្នកអាន នៅរាជធានីភ្នំពេញ ដែលសម្តែងការហួសចិត្តពីព្រោះថា ផ្ទះគាត់ត្រូវបានក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ទារថ្លៃសេវាដឹកជញ្ជូនដល់ទៅ៧៥ដុល្លារក្នុងមួយខែ ឬប្រហែល៣០ម៉ឺនរៀល ។ រយៈពេល៣ខែមុននេះ គាត់បង់តម្លៃសំរាមតាមធម្មតា ក្នុងមួយដុល្លារមួយខែ ស្រាប់តែវិក័យបត្រអគ្គិសនីចេញលើកនេះ ភ្ជាប់ជាមួយតម្លៃប្រមូលសំរាមជាង១លានរៀល គេប្រាប់ថា ក្នុងរយៈពេល៤ខែ ។ ករណីនេះ មិនដឹងថា ក្រុមហ៊ុនប្រមូលសំរាមបានពិនិត្យពិច័យស្ថានភាពសំរាមនៅផ្ទះខាងលើនោះឬយ៉ាងណានោះទេ ។ ម្ចាស់ផ្ទះអះអាងថា ផ្ទះខ្លួនគ្មានសំរាមអ្វីជាដុំកំភួននោះទេ ថ្វីបើកំពុងសាងសង់ក៏ពិតមែន ពីព្រោះសំរាមមួយចំនួនត្រូវបានកម្មករប្រមូលដុតចោល ។
នៅក្នុងវិក័យបត្រអគ្គិសនីកម្ពុជាបានបង្ហាញឲ្យឃើញថា តម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅផ្ទះខាងលើតែប្រមាណជាង១០ម៉ឺនរៀល នៅក្នុងពេលដែលតម្លៃនៃការប្រមូលសំរាមក្នុងរយៈពេល ៣ខែ ជាង១លានរៀល នៅពេលដែលមុននេះ ម្ចាស់ផ្ទះធ្លាប់បង់ប្រាក់តែ១ដុល្លារ ។ ម្ចាស់ផ្ទះខាងលើបានអះអាងថា ខ្លួនមិនទាន់បានទាក់ទងទៅខាងក្រុមហ៊ុនអគ្គិសនីកម្ពុជានៅឡើយ ប៉ុន្តែមានការភ្ញាក់ផ្អើលចំពោះតម្លៃសេវាដឹកជញ្ជូន ដែលមានរហូតដល់ជាង១លានរៀលក្នុងរយៈពេលជាង៣ខែនោះ ។ យ៉ាងណាក៏ដោយម្ចាស់ផ្ទះបានត្រឹមតែឆ្ងល់ ពីព្រោះគ្មានលទ្ធភាពអ្វីត្រូវតវ៉ាជាមួយក្រុមហ៊ុនប្រមូលសំរាមនោះឡើយ ។
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញភាគច្រើនបាននិយាយអំពីបញ្ហាក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ដែលទារថ្លៃហួសហេតុពេក ដោយមិនគិត ឬមិនបានវាយតម្លៃច្បាស់លាស់អំពីទីតាំងដែលត្រូវប្រមូលលុយ ។ ផ្ទះខ្លះធ្លាប់បើកធ្វើអាជីវកម្ម ប៉ុន្តែត្រូវបានបិទទៅវិញជាយូរខែ ក៏នៅតែត្រូវក្រុមហ៊ុនប្រមូលសំរាមទារថ្លៃអាជីវកម្មនោះដដែល ។ ប្រការនេះធ្វើឲ្យម្ចាស់ផ្ទះដែលបិទទ្វារចោលមួយចំនួន បញ្ចេញប្រតិកម្មហើយថា ក្រុមហ៊ុនស៊ីនទ្រីគួរតែធ្វើអ្វីឲ្យមានភាពច្បាស់លាស់ ។ ជាក់ស្តែងករណីគេហដ្ឋានខាងលើដែលគ្រាន់តែសេវាប្រមូលសំរាមថ្លៃដល់ជាង៣០ម៉ឺនរៀលនោះ មិនមែនជារឿងដែលអាជ្ញាធរមើលរំលងនោះឡើយ ។ គេរំពឹងថា
អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមហ៊ុនស៊ីនទ្រីគួរធ្វើអ្វីឲ្យមានភាពច្បាស់លាស់ជាងនេះ ៕ ប្រជាពលរដ្ឋម្នាក់