ខេត្តកំពង់ធំ៖ កម្លាំងមន្ត្រីឧទ្យានុរក្សសា្នក់ការអូរទឹកមរ នៃបរិស្ថានខេត្តកំពង់ធំ បានឃាត់រថយន្តឃ្លុបដឹកទឹកកកមួយគ្រឿង ដែលសង្ស័យថា មានការ បង្កប់លួចដឹកជញ្ជូនឈើ ដែលក្រុមឈ្មួញបានលបលួចចូលអារនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ។
តាមការឲ្យដឹងពីកម្លាំងមន្ត្រីឧទ្យានុរក្ស ដែលបានបានចុះល្បាតនៅក្នុងតំបន់ចំការកៅស៊ូ CRCK1 ក្នុងសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចបរិស្ថាន នៅចំនុច UTM 537448-1468138 បានឃាត់ចាប់រថយន្តមួយគ្រឿងម៉ាកកូរ៉េ ឃ្លុបបិទជិត ក្រោយពីបានពិនិត្យ បានប្រទះឃើញមាន ឈើអារក្តារប្រភេទឈើ ដួងចែម សរុប ២,៩០ម៉ែត្រគូប វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការអូរទឹកមរ និងបានចងក្រងសំណុំរឿងតាមច្បាប់ ។
លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា កម្លាំងមន្ត្រីឧទ្យានុរក្ស បានឃាត់រថយន្ត ខាងលើជាច្រើនដងមកហើយ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព លបលួចដឹកឈើដោយខុសច្បាប់ តែម្ចាស់រថយន្ត ពុំមានការរាងចាល គឺនៅតែប្រព្រឹត្តបទល្មើស បន្លំដឹកទឹកកក លាយឈើម្តងហើយ ម្តងទៀត ទើបសម្រេចឃាត់រថយន្ត រួមទាំងម្ចាស់ នាំមករក្សាទុកនៅស្នាក់ការបរិស្ថានអូរទឹកមរ ។
លោកបានបន្តថា ក្រៅពីចាប់រថយន្តបន្លំដឹកឈើ សា្នក់ការអូរងាវ មន្ត្រីឧទ្យានុរក្សបានចុះល្បាតពេលយប់ នៅតំបន់អូរទឹកថ្លា បានបង្រ្កាបគោយន្តកន្ត្រៃយ៍ចំនួន០១គ្រឿង រួមទាំងឈើសរុបចំនួន១,៤០ម៉្រែតគូប ។
ចំណែក សា្នក់ការអូរផ្អាវ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅតំបន់វាលស្រែស្តាញៀន ជាប់ព្រំប្រទល់ខេត្តក្រចេះ ប្រទះឃើញគំនរឈើមួយកន្លែង ដែលជនល្មើសបានលាក់ទុក ជាប្រភេទឈើប្តៀក ឃា្នប សរុបចំនួន១,០៧ម៉ត្រគូប រីឯ សា្នក់ការច្រកតោល មន្ត្រីឧទ្យានុរក្សបានចុះវាយស្លាកសញ្ញាហាមកាប់ទន្រ្ទានដីព្រៃ ចំនួន០៣កន្លែង បានដកហូតរណាយន្តត្រង់ សឺន័រ ធុនតូចចំនួន០១គ្រឿង ដែលបានដឹកចូលក្នុងតំបន់ហាមឃាត់ វត្ថុតាងបានយកមករក្សាទុកនៅសា្នក់ការអូរតាព្រហ្ម ៕ ប៊ុនរិទ្ធី