ខេត្តសៀមរាប៖ នារីបរទេសម្នាក់ ខណៈដែលកំពុងជិះលើម៉ូតូកង់បី ដើរទេសចរនៅតំបន់អង្គរ ជក់ចិត្តដិតអារម្មណ៍ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ បើកម៉ូតូឌុបគ្នាមកក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបនារីខាងលើបានសម្រេច និងធ្វើឲ្យនារីរងគ្រោះធ្លាក់បោកជាមួយនឹងថ្នល់រងរបួសជាំផ្ទៃមុខ១ចំហៀង ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរប្រាសាទអង្គរវត្ត ។
នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានហៅម៉ូតូកង់បី ឲ្យមកយកនាងនៅសណ្ឋាគារ ហើយបន្តទៅតំបន់ប្រាសាទអង្គរវត្ត តាំងពីព្រលឹម ដើម្បីទៅមើលទេសភាពថ្ងៃរះជាមួយមិត្តភក្ដិម្នាក់ទៀត ដោយអ្នកបើកម៉ូតូកង់បី បានបើកនាំពួកនាងធ្វើតាមផ្លូវតូចៗ លុះដល់ចំណុចកើតហេតុ ខណៈដែលនាងមិនចាប់អារម្មណ៍ ស្រាប់តែជនសង្ស័យ៣នាក់ បើកម៉ូតូមកក្បែរ ហើយបានធ្វើសកម្មភាពឆក់កាបូបនាង រហូតធ្វើឲ្យនាងធ្លាក់ផ្កាប់មុខដួលត្រឡប់ត្រឡិន បែកមុខ មាត់ និងមានស្នាមរបួសដៃជើងទៀតផង ។ នារីរងគ្រោះ បញ្ជាក់ថា នៅក្នុងកាបូបនោះ មានលុយជាង២០០០ដុល្លារ លិខិតឆ្លងដែន និងឯកសារផ្សេងៗមួយចំនួនទៀត ។
ក្រោយកើតហេតុ នាងបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យប៉ូលិសនៅតំបន់នោះ ជួយអន្តរាគមន៍ ប៉ុន្តែប៉ូលិសនិយាយប្រាប់វិញថា ពួកគេមិនអាចរកឃើញចោរនោះបានទេ ធ្វើឲ្យនាងមានការសោកស្ដាយរបស់ទ្រព្យជាខ្លាំង ហើយក៏សោកស្ដាយដែលសមត្ថកិច្ចមិនអាចជួយយកទ្រព្យសម្បត្តិនាងមកវិញបាន ៕ ប៊ុនរិទ្ធី